fbpx

មហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៦ ចាប់ផ្តើមបើកហើយ មានយុវជន សិល្បៈករ ចូលរួមចំនួន៧២៥នាក់

ចែករំលែក

ភ្នំពេញ៖ មហោស្រពសិល្ប:យុវជនទូទាំងប្រទេសលើកទី៦ ឆ្នាំ២០២០ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះនៅមហោស្រពចតុម្មុខ ហើយបន្តរហូតដល់ថ្ងៃទី២៩ខែដដែលនេះក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហោស្រពនេះ ជាការគាំទ្រនិងលើកទឹកចិត្ត ដល់យុវជន ក្នុងកិច្ចការពារ ថែរក្សា សិល្ប:វប្បធម៌ជាតិ។ 

មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្វធ្វើរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ០៣មីនាលើកទី២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធជាច្រើន មានយុវជន ជាសិល្បៈករ សិល្បៈការិនី ចូលរួមចំនួន៧២៥នាក់ ។

លោក គីម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងអំពីកម្មវិធីមហោស្រពសិល្បៈយុវជនលើកទី៦ឆ្នាំ២០២០នេះថា ចំពោះប្រធានបទដ៏សំខាន់ដែលថា “យុវជនដើម្បីវប្បធម៌ជាតិ” នៅតែមានគុណតម្លៃ សម្រាប់កម្មវិធីនេះតាំងពីចាប់ផ្តើម រៀបចំលើកដំបូងមក ហើយវាក៏ទំនងជាមានតម្លៃតទៅមុខផងដែរ”។

លោក បន្តឲ្យដឹងថា ដើម្បីជួយជាកម្លាំងចិត្ត សម្រាប់ការចូលរួមនៅឆ្នាំនេះ មានក្រុមយុវជន សិល្បករ ដែលមកពីគ្រប់រាជធានី-ខេត្ត ក្នុងនោះឆ្លងកាត់ការចម្រាញ់ ជម្រុះ ជម្រើស ក្រសួងបានរកឃើញស្នាដៃឆ្នើមៗចំនួន៣៤ស្នាដៃ ក្នុងនោះរបាំប្រពៃណីរបស់និស្សិតថ្នាក់ឧត្តម មានចំនួន៩ស្នាដៃ។ ស្នាដៃឈុតល្ខោនច្រៀង ដែលមាន ល្ខោនមហោរី ល្ខោនយីកេ និងល្ខោនបាសាក់ របស់សិក្សានុសិស្ស ថ្នាក់មធ្យមចំនួន២៥ ដែលក្នុងនោះ ល្ខោនមហោរីមាន៨ស្នាដៃ ល្ខោនយីកេ៧ស្នាដៃ ល្ខោនបាសាក់ ១០ស្នាដៃ និង របាំប្រពៃណី៩ស្នាដៃ ។ ផ្នែកប្រកួតប្រជែង ការតស៊ូមតិ និងពិភាក្សាវែកញែក ស្តីពីចំណេះដឹងវប្បធម៌សិល្បៈមានចំនួន១២សកលវិទ្យាល័យ មានសិល្បៈករ សិល្បៈការិនីចំនួន៧២៥នាក់ចូលរួមប្រកួតផងដែរ។

លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា មហោស្រពនេះ ធ្វើឡើង ដើម្បីបញ្ជ្រាប ចំណេះដឹង វប្បធម៌ សិល្បៈ ទៅក្នុងគ្រឹះស្ថានអប់រំសិក្សា ដើម្បីឱ្យកូនខ្មែរបានស្គាល់កាន់តែច្បាស់ អំពី អត្តសញ្ញាណវប្បធម៌ជាតិ និងមានស្មារតីតស៊ូ ប្តូរផ្តាច់ ក្នុងការការពារបេតិកភណ្ឌវប្បធម៌ទាំងនោះ សំដៅកាត់បន្ថយ និងលុបបំបាត់ នូវវប្បធម៌ អវិជ្ជមានមកពីខាងក្រៅ។

គួរបញ្ជាក់ថា មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២នៅឆ្នាំនេះ នឹងបើកទូលាយឲ្យបងប្អូនទស្សនិកជន អាចចូលរួមទស្សនាការសម្តែងសិល្បៈនានា បានដោយសេរី នៅឯសាលមហោស្រពចតុមុខផ្ទាល់តែម្តង៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *