fbpx

ថៃសម្រេចបិទច្រកព្រំដែនមួយចំនួននៅខេត្តបាត់ដំបង ដើម្បីការពារការឆ្លងជំងឺ Covid-19

ចែករំលែក

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសថៃ បានសម្រេចបិទច្រកទ្វារអន្តរជាតិ ព្រំស្ថិតនៅក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ជាប់នឹងភូមិផ្សារ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយការបិទនេះ រហូតស្ថានភាពរាលដាល នៃជំងឺ Covid-19 បានធូរស្បើយ។

មន្ត្រីប្រចាំការច្រកទ្វារខាងលើបានឲ្យ ដឹងថា យោងតាមលិខិតជូនដំណឹងរបស់ភាគីថៃដែលចុះហត្ថលេខា ដោយអភិបាលខេត្តចាន់បូរី បានបញ្ជាក់ថា ស្ថានភាពវីរុសឆ្លងជំងឺ Covid-19 ជារោគរាលដាលយ៉ាងកាចសាហាវ កើនឡើងយ៉ាងលឿនគួរឲ្យព្រួយបារម្ភ។ ដូច្នេះដើម្បីទប់ស្កាត់មេរោគនេះ ទើបខេត្តចាន់បូរី បានសម្រេចបិទច្រក ទ្វារអន្តរជាតិខាងលើនេះ ដោយខេត្តចាន់បូរី សម្រេចបិទច្រកចំនួន៤ គឺច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ច្រករបៀងបឹងឆ្នាំង ច្រកអូរអន្លក់ ស្រុកកំរៀង ច្រករបៀងកាប៊ីន ហៅអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងហើយការបិទនេះគ្មានថ្ងៃកំណត់នោះទេ។

ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃដដែល ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមជាមួយក្រុមការងារ បានចុះទៅពិនិត្យមើលច្រកទ្វារអន្តរជាតិខាងលើ និងបានណែនាំដល់មន្ត្រី និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ឱ្យយកចិត្តទុកដាក់ និងត្រៀមកម្លាំងការពារ រង់ចាំបញ្ជាពីរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ក្រោយពីបិទទ្វារច្រកខាងលើ គឺមានសភាពស្ងប់ស្ងាត់ ដោយមិនធ្លាប់មានពីមុនមកហើយអ្នកដែលនាំទំនិញចេញចូលត្រូវផ្អាកទាំងអស់ បើចង់ដឹកទំនិញបន្តទៀត ត្រូវទៅច្រកដូងស្រុកកំរៀង ព្រោះមិនទាន់បិទនៅឡើយទេ។

ចំណែកពលរដ្ឋរស់នៅក្បែរច្រកទ្វារខាងលើមានការព្រួយបារម្ភពីជីវភាពប្រចាំថ្ងៃ ព្រោះមិនដឹងចេញទៅណាកើត ហើយបើសិនជាបិទយូរ ប្រហែលជាដាច់បាយជាក់ជាមិនខាន៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *