fbpx

ប្រទេសថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19

ចែករំលែក

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ពោលរយៈពេល ១៤ថ្ងៃ ប្រទេសថៃ នឹងសម្រេចបិទជាបណ្ដោះអាសន្ន នៅច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ រួមមាន៖
ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង
ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង
ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

ជាមួយគ្នានេះ អាជ្ញាធរថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏បានចេញវិធានការបិទជាបណ្ដោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ តាមព្រំដែនរួមមាន ៖
ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានបិទនៅថ្ងៃទី១៨ ខែមីនា
ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី១៩ ខែមីនា
ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
ទី៥៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ត្រូវបានបិទនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព តាមការណែនាំរបស់អាជ្ញាធរថៃ និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *