ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញផ្តល់ការអប់រំ ផ្សព្វផ្សាយ ដល់មន្រ្តីចំណុះរដ្ឋបាលរាជធានីភ្នំពេញឱ្យមានការយល់ដឹងបន្ថែមទៀតជុំវិញព័ត៌មាននានា ក៏ដូចជាវិធានការក្នុងការប្រយុទ្ធប្រឆាំង និងការពាខ្លួនពីវីរុសកូវីដ១៩ ដែលបាន និងកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា។
ថ្លែងទៅកាន់ មន្រ្តីក្រោមឱវាទ ឯកឧត្តម ឃួង ស្រេង ស្នើសុំមន្រ្តីបំរើសេវាទាំងអស់ ស្វែងយល់ពីព័ត៌មានជុំវិញការរីករាយដាលនៃវីរុស កូវីត១៩ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមវិធានការណ៍ការពារខ្លួនដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយនាពេលកន្លងមកឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តមបញ្ជាក់ថា មន្រ្តីបំរើសេវានានាទូទាំងពិភពលោក ក៏ដូចជាមន្រ្តីបំរើសេវារបស់រដ្ឋបាលរាជធានីភ្នំពេញទាំងមូលផងដែរ គឺមានការប្រឈមទៅ និងវីរុស កូវីដ១៩នេះ ដូច្នេះទាមទាឱ្យការការពារខ្លួនឱ្យបានល្អបំផុត ហើយនៅបន្តដំណើរការផ្តល់សេវាការងារ ជូនប្រជាពលរដ្ឋជាធម្មតាគ្រប់ផ្នែក ប៉ុន្តែបើសិនជាមានបញ្ហាសុខភាពអាចសំរាកនៅផ្ទះបាន ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ជូនក្រុមគ្រូពេទ្យឱ្យចុះទៅពិនិត្យ និងព្យាបាលសុខភាពជូនដល់ផ្ទះតែម្តង។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានជំនឿចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ និងសុំឱ្យស្តាប់នូវព័ត៌មានដែលផ្សព្វផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលមានចុះហត្ថលេខាដោយរដ្ឋបាលរាជថានីភ្នំពេញ កុំជឿទៅលើព័ត៌មានបំប៉ោង និងបំភិតបំភ័យនានា មិនមានការពិត។
សូមបញ្ជាក់ជូនថា នៅក្រោយពិធីអប់រំផ្សព្វផ្សាយនោះដែរ អភិបាលរាជធានីភ្នំពេញ ក៏មានការផ្តល់ជូនម៉ាស់ និងជេលលាងដៃ ដល់មន្រ្តីបំរើសេវានានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងការបំពេញការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ៕