fbpx

ប្រជាពលរដ្ឋខ្វះខាតចំនួនជាង២ពាន់គ្រួសារបន្ថែមទៀត ដែលជួបវិបត្តិជំងឺកូវីដ១៩ ទទួលបានស្បៀងអាហារពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចែករំលែក

ប៉ៃលិន ៖ ​នៅថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន យុវជន ស.ស.យ.ក. មូលដ្ឋានឃុំទាំង៤ ចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ២,០២១គ្រួសារ ក្នុងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។ ដោយស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ និងដើម្បីរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវតំណាងរាស្រ្ត រួមនឹងក្រុមការងារ ធ្វើការចុះចែកស្បៀងអាហារវិលជុំ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងគ្រួសារងាយរងគ្រោះដែលជួបវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងការដោះស្រាយការលំបាកក្នុងជីវភាពរស់នៅជូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន រហូតដល់ចប់វិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *