fbpx

ព្រឹត្តិការណ៍ប្រ​ណាំ​ងម៉ូតូលក្ខណៈមិត្តភាពវាលឥន្ទ្រីឆ្នាំទី៣កាន់តែធំជាងមុន!

ចែករំលែក

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូដែលបានប្រព្រឹត្តិទៅរយៈពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមការចូលរួមពីមហាជនយ៉ាងច្រើនកុះករនៅវាលឥន្ទ្រីក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានកីឡាករចូលប្រណាំងសរុប១១០នាក់ចែកចេញជា៥ប្រភេទ ឬកម្រិត។

តាមការប្រកាសពីគណៈកម្មការរៀបចំការប្រកួតបានអះអាងថា ព្រឹត្តការណ៍ប្រកួតនេះរៀបចំឡើងដោយមានការជួយជ្រោមជ្រែងពីក្រុមប្រប្រណាំងម៉ូតូស្ម័គ្រចិត្តមកពីច្រើនខេត្ត រាជធានី អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម លោក ហ៊ុនជា ផងដែរដោយគេឲ្យឈ្មោះថា ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូលក្ខណៈមិត្តភាពវាលឥន្ទ្រីលើកទី៣ឆ្នាំ២០២០ មានការឧបត្ថម្ភថវិកាពីប្រេងរំអិលចំនួន៣ និងសប្បុរសជនដែលនិយមស្រឡាញ់ការប្រណាំងយានយន្តនេះជាច្រើនរូប។

បើតាមលោក ពេជ្រ សុខា ប្រធានគ្រប់គ្រងការប្រកួតថ្លែងថា ការប្រកួតជាលក្ខណៈមិត្តភាពនេះគឺ ជាព្រឹត្តិការណ៍ដ៏ធំមានមហាជនចូលទស្សនាច្រើនជាងពីរឆ្នាំកន្លងទៅគឺ និយាយទៅធំឡើងដោយមានបែងចែកជា៥កម្រិតក្នុងនោះមានពូលA គឺប្រកួតតាមលក្ខណៈបច្ចេកទេសកម្រិតអាជីពដែលមាន១៩នាក់ចូលប្រកួតប្រជែងយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ ដល់លេខ៥។

លោកបន្តថា គណៈអធិបតីមាន ឯកឧត្តម ហ៊ុន ជា ជួយឧបត្ថម្ភផងនោះធ្វើឲ្យការប្រកួតពីដំបូងមានកីឡាករមកចុះឈ្មោះចំនួន១២០នាក់ ប៉ុន្តែថ្ងៃប្រកួតជាក់ស្តែងសល់ត្រឹម១១០នាក់ក្នុងនោះ មានជនជាតិបរទេសដូចជាបារាំង និងអ៉ីស្រាអែលចំនួន៩នាក់ ខណៈកម្រិតបច្ចេកទេសរបស់ពួកគាត់មិនអាចមានប្រៀបលើកីឡាករខ្មែរបាននៅឡើយទេ។ យ៉ាងណាក៏មហាជននិយមចូលចិត្តខ្លាំងទៅលើពូលAពិសេសវត្តមានកីឡាករឆ្នើមបើកបរក្នុងទេពកោសល្យខ្ពស់ដូចជាកីឡាករ ជា លីឃាង នេះតែម្តង។

លោក បង់ ស៊ូម អ្នករៀបចំបច្ចេកទេសបានឲ្យដឹងដែរថា យើងមានចែកជាពូលទៅតាមកម្រិតដូចជាក្មេងតូចៗ វ័យចាស់ និងអ្នកប្រកួតកំសាន្តសប្បាយ ប៉ុន្តែក្នុងនោះពូលA គឺលេងក្នុងកម្រិតបច្ចេកទេសដែលមានការណែនាំតាមស្តង់ដាពីសហព័ន្ធយានយន្ត។

លោកបន្តថា នៅក្នុងពូលA ដែលមានបេក្ខជនជាកីឡាករចំនួន២១នាក់ គឺចូលប្រណាំងចំនួន១៦ជុំក្នុងទីលានឆ្លងផ្លូវមានឧបសគ្គ មានកីឡាករជាក់ស្តែងចំនួន១៩នាក់។ ជាលទ្ធផលពេញមួយថ្ងៃទាំងព្រឹក និងល្ងាចចំណាត់ថ្នាក់ដល់ទីលានដែលបែងចែកពីលេខ១ដល់លេខ៥រួមមាន ៖ ចំណាត់ថ្នាក់លេខ១បានទៅកីឡាករឈ្មោះ ជា លីឃាង ពាក់ស្លាកលេខ១៧មកដល់ទីមុនគេ។ ចំណាត់ថ្នាក់លេខ២បានទៅកីឡាករឈ្មោះ តក់ ពាក់ស្លាកលេខ៧។ ចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ Boy ពាក់ស្លាកលេខ៤។ ចំណាត់ថ្នាក់លេខ៤បានទៅកីឡាករ ញាញ់ វិរៈ ពាក់ស្លាកលេខ៣ និងចំណាត់ថ្នាក់លេខ៥បានទៅលើកីឡាករ LUX ពាក់ស្លាកលេខ៨។

ចំណែក លោក ជា និមល មន្ត្រីសម្របសម្រួលកម្មវិធីនិយាយថា កម្មវិធីឆ្នាំនេះយើងធ្វើធំជាងពីរឆ្នាំកន្លងទៅដោយមានការឧបត្ថម្ភពីសប្បុរសជនមានឯកឧត្តម ហ៊ុន ជា អាជ្ញាធរ និងក្រុមហ៊ុនប្រេងរំអិលចំនួន៣មាន LIQUI MOLY, MAXXIS MOTUL ថប់វ័ន្តជាដើម។

កីឡាករ ជា លីឃាង ដែលឈ្នះការប្រកួតចំណាត់ថ្នាក់លេខ១មកដល់ទីមុនគេនិយាយថា ខ្ញុំធ្លាប់ឆ្លងកាត់ការប្រកួតចំនួនពីរលើករួមមកហើយនៅក្នុងការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូលក្ខណៈមិត្តភាពវាលឥន្ទ្រីនេះ ខ្ញុំឈ្នះទាំងពីរលើក ហើយឆ្នាំទី៣នេះខ្ញុំឈ្នះម្តងទៀត។ នៅក្នុងពិធីបិទបញ្ចប់ការប្រកួតមុនចែកពានកីឡាករ ជា លីឃាង ត្រូវបានជិះបង្ហាញនូវបច្ចេកទេសបើក និងបង្ហោះម៉ូតូយ៉ាងអស្ចារ្យដើម្បីបញ្ចេញសមត្ថភាពជូនអ្នកទស្សនា។ ប្រវត្តិពិស្តារបស់កីឡាករ ជា លីឃាង មិនអាចទាក់ទងបានពីព្រោះកីឡាកររូបនេះមានការហត់នឿយខ្លាំងសុំសម្រាកប៉ុន្តែលើកអះអាងថា ខ្ញុំឈ្នះចំណាត់ថ្នាក់លេខ១ក្នុងព្រឹត្តិការណ៍នានាសរុប៥ឆ្នាំជាប់គ្នាមកហើយ។

លោក ពេជ្រ សុខា ក្នុងនាមអ្នករៀបចំកម្មវិធីបានអះអាងថា នៅឆ្នាំក្រោយកម្មវិធីប្រកួតប្រចាំឆ្នាំប្រណាំងម៉ូតូលក្ខណៈមិត្តភាពវាលឥន្ទ្រីលើកទី៤នឹងធ្វើក្នុងលក្ខណៈធំជាអន្តរជាតិខណៈពេលដែលមហាជនចូលមកទស្សនាឆ្នាំនេះ គឺច្រើនកុះករដោយអបអរសាទរនូវសមត្ថភាពកីឡាករជាតិរបស់យើងគឺមានបច្ចេកទេសល្អដូចកីឡាករបរទេសផងដែរ៕

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *