fbpx

ក្រសួងរ៉ែ និងថាមពល បើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ព្រមទាំងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ ជូនដល់អាជ្ញាធរ និងម្ចាស់ស្ថានីយ៍ប្រេង

ចែករំលែក

ប៉ៃលិន ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ៍ និងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ស្ថានីយ៍ ព្រមទាំងអាជីវករប្រេងកាត នានាទូទាំងខេត្ត ស្ថិតក្រោមអធិបតីភាពលោក អ៊ឹង អៀង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាប័នជុំវិញខេត្ត និងម្ចាស់ស្ថានីយ៍ អាជីវករប្រេងកាត និងឧស្ម័នឥន្ធនៈ ជាច្រើននាក់ទៀត។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ធនធានប្រេងកាត ជាដើមទុនដ៏មានតម្លៃ របស់ជាតិ សម្រាប់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម អោយក្លាយ ជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ដូច្នេះម្ចាស់ស្ថានីយ៍ និងអាជីវករប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ ត្រូវសហការអនុវត្តបទដ្ឋាន បច្ចេកទេសសុវត្ថិភាព និងគោរពច្បាប់រួមគ្នា សំដៅរក្សាបាន នូវនិរន្តរភាព នៃអាជីវកម្ម របស់បងប្អូនអាជីវករ និងរក្សាបាននូវនិរន្តរភាព នៃបែបផែនបច្ចេកទេសសុវត្ថិភាពទាំងអស់គ្នា ដើម្បីឲ្យមានសុដុមនីយកម្ម ក្នុងមុខរបរ និងសង្គតិភាពនៃការអនុវត្តច្បាប់ និងសុវត្ថិភាពទាំងអស់គ្នា។

ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ដែលមិនទាន់មានច្បាប់អនុញ្ញាត ពីសុវត្ថិភាពបច្ចេកទេស សូមប្រញាប់មកដាក់ពាក្យស្នើសុំ អោយបានទាន់ពេលវេលា ហើយបើសិនម្ចាស់ស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ណាមួយ មិនគោរពតាមការណែនាំ របស់ក្រសួងរ៉ែ និងថាមពល គឺត្រូវចាត់វិធានការ ទៅតាមនីធិវិធីច្បាប់ ធ្វើការបិទកន្លែងអាជីវកម្មតែម្តង ក្នុងន័យធានាសុវត្ថិភាព និងការគ្រប់គ្រងវិស័យប្រេងកាត ឲ្យមានប្រសិទ្ធិភាព សំដៅលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងចូលរួមបង្កើនសេដ្ឋកិច្ចជាតិ អោយប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលធម្យម និងបន្តឆ្ពោះទៅជាប្រទេស ដែលមានចំណូលមធ្យមមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលអនាគត់ផងដែរ។

មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក អ៊ឹង អៀង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ៍ និងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងម្ចាស់ស្ថានីយ៍ អាជីវករប្រេងកាត នានាក្នុងខេត្តប៉ៃលិននាពេលនេះ ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យ ដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធី ក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្ម ដល់ម្ចាស់ស្ថានីយ៍ អ្នកសាងសង់ស្ថានីយ៍ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត ជាពិសេសពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ស្របតាមគោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជានៃក្រសួងរ៉ែ និងថាមពល ។

លោករដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បន្តថា បច្ចុប្បន្នខេត្តប៉ៃលិន មានស្ថានីយ៍ប្រេងសរុបចំនួន ២៨ទីតាំង ក្នុងនោះមានច្បាប់ចំនួន ០៦ទីតាំង និងបានដាក់ពាក្យស្នើសុំទៅក្រសួងចំនួន ១១ទីតាំង ចំណែកឧស្ម័នឥន្ទនៈមានចំនួន ០៥ទីតាំង មានច្បាប់០១ និងបានដាក់ពាក្យស្នើរសុំទៅក្រសួងចំនួន០៣ទីតាំងផងដែរ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *