fbpx

ការិយាល័យបច្ចេកទេសកងទ័ពជើងគោក បានបើកវគ្គបំប៉នស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេស ឆ្នាំ២០២០

ចែករំលែក

ភ្នំពេញ៖ ការិយាល័យបច្ចេកទេសកងទ័ពជើងគោក បានដំណើរការបើកវគ្គបំប៉ន ស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេស ថ្នាក់មេបញ្ចាការរង ទទួលបច្ចេកទេស និងនាយការិយាល័យបច្ចេកទេស ឆ្នាំ២០២០ ដែលមានរយៈពេល០៥ថ្ងៃ ចាប់បើកពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ នេះបើតាម ឧត្តមសេនីយ៍ទោ សូ សំរិន នាយការិយាល័បច្ចេកទេស កងទ័ពជើងគោក។

ពិធីបើកវគ្គបំប៉ននេះ បានប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ សូ សំរិន បានបញ្ជាក់ឱ្យដឹងពីការវិវត្តន៍របស់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក ថាដំបូងអង្គភាពនេះ ជាស្នងការបច្ចេកទេស ស្ថិតក្រោមការដឹកនាំបញ្ជារបស់អគ្គស្នងការភស្តុភារ។ បន្ទាប់មកក៏ស្ថិតនៅក្រោមការដឹកនាំបញ្ជាក្រសួងការពារជាតិ។ រហូតមកដល់ឆ្នា១៩៩៩ អង្គភាពនេះជាក្រុមបច្ចេកទេស អគ្គសេនាធិការ និងក្នុងពេលបច្ចុប្បន្ន បានក្លាយជាការិយាល័យបច្ចេកទេសកងទ័ពជើងគោក។ លោកបន្តថាកាបើកវគ្គបំប៉ននេះគឺ អនុវត្តន៍តាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងផែនការប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអនុវត្តន៍ការងារគ្រប់គ្រង រាល់គ្រឿងបំពាក់ របៀបការងារ, ផែនការ, និងសេចក្តីត្រូវការ ធានាបច្ចេកទេសឱ្យមានការឯកភាពគ្នាជារួមរបស់កងទ័ពជើងគោក និងដោយឡែកសម្រាប់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក។

អញ្ជើញធ្វើបទបង្ហាញលើខ្លឹមសារសំខាន់ៗ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានលើកឡើង០៥ចំណុច ដើម្បីឱ្យនាយទាហានទទួលបន្ទុកការងារបច្ចេកទេសក្តាបបាននូវរាល់សំណូមពរ របៀបធ្វើរបាយការណ៍ ផែនការទៅតាមដំណាក់កាលនីមួយៗ ស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេសរបស់កងទ័ពជើងគោក។

ជំនួសមុខជូន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួន ខាំឡ បានចាត់ទុកវគ្គបំប៉ននេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាពការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ និងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ។

ឧត្តមសេនីយ៍ឯក សួន ខាំឡ ក៏បានផ្តាំផ្ញើដល់នាយទាហាន ក្នុងវគ្គបំប៉នស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេសឆ្នាំ២០២០ ទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារៀនសូត្រ សំដៅធ្វើយ៉ាងណាឱ្យពេលបញ្ចប់វគ្គ ធានាបានទាំងបរិមាណ គុណភាព និងទទួលបានលទ្ធផលល្អ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *