fbpx

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំប្រតិភូអន្តរក្រសួងចុះពិភាក្សាការងារនៅមជ្ឈមណ្ឌលកងពលតូចអន្តរគមន៍លេខ៣១ ខេត្តកំពត

ចែករំលែក

កំពត ៖ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរគមន៍លេខ៣១ ស្ថិតនៅភូមិបាក់នឹម ឃុំច្រែស ឃុំបាក់នឹម ស្រុកជុំគិរី ខេត្តកំពត ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូអន្តរក្រសួងមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះប្រជុំពិភាក្សាការងារ និងសំណេះសំណាលជាមួយជនរងគ្រោះ កំពុងស្នាក់នៅព្យាបាលស្តារនីតិសម្បទាផ្តាច់សារធាតុញៀន។

លោកឧត្តមសេនីយ៍ត្រី គឹម កុសល មេបញ្ជាការរង និងប្រធានមជ្ឈមណ្ឌលបានថ្លែងស្វាគមន៍ និងរាយការណ៍ ឱ្យដឹងថា មជ្ឈមណ្ឌលបានកសាងលើទំហំផ្ទៃដីសរុប ២២៣៦០ម២ ចាប់ទទួលជនរងគ្រោះចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ បានចំនួនសរុប ៩៣៨នាក់ ស្រី២៣នាក់ ។ បានធ្វើសមាហរណកម្មទៅរស់នៅក្នុងសង្គមគ្រួសារវិញចំនួន ៥០៦នាក់ ស្រី ១៦នាក់ និងជនរងគ្រោះ កំពុងគ្រប់គ្រងសរុបចំនួន៤៣២នាក់ ស្រី ចំនួន០៧នាក់។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍សាទរនូវលទ្ធផលដែលគណ:គ្រប់គ្រង និងមន្រ្តីរួមគ្នាផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះមានប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវ:។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយនូវរាល់សំណូមពរបំពេញតម្រូវការរបស់មជ្ឈមណ្ឌលសំដៅពង្រឹងប្រសិទ្ធភាពការផ្តល់សេវា និងសុខដុមរមនាដល់ការសម្រាកដេីម្បីទទួលសេវាពីក្មួយៗជាជនរងគ្រោះដោយសារធាតុញៀនញៀន ។

ក្នុងឱកាសសំណេះសំណាល ជាមួយជនរងគ្រោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានណែនាំដល់ក្មួយៗជាជនរងគ្រោះទាំងអស់បន្តខិតខំអប់រំ ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អ ឆាប់បានត្រឡប់ទៅរស់នៅ និងក្លាយជាធនធានមនុស្សមានប្រយោជន៍សម្រាប់ក្រុមគ្រួសារ និងសហគមន៍ ជួយអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ឱ្យមានការរីកចម្រើន៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *