fbpx

ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ និងលោកជំទាវ និង លោកស្រី ហ៉ឹម ម៉ាលី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩នៅ វត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់)

ចែករំលែក

បន្ទាយមានជ័យ ៖ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងក្រុមការងារ សហគ្រិនវ័យក្មេង ខេត្តបន្ទាយមានជ័យ រួមនឹងបងប្អូនញាតិមិត្តទាំងអស់មកពីគ្រប់មជ្ឈដ្ឋាន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹម យ៉ាន និង លោកជំទាវ ម៉ៅ ម៉ាល័យ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩នៅ វត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់)ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះដែរក៏មានការអញ្ជើញចូលរួមពី លោកស្រី ហ៉ឹម ម៉ាលី ដែលជាម្ដាយបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងបងប្អូនសាច់ញាតិ បុត្រាបុត្រី ផងដែរ។

ស្ថិតក្នុងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ធសាសនា លោក អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមនឹងក្រុមការងារ និងលោកស្រី ហ៉ឹម ម៉ាលី និងបងប្អូនសាច់ញាតិ បុត្រាបុត្រី បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រគេននូវ បច្ច័យ និង ទេយ្យទាន មួយចំនួន វេរប្រគេនព្រះសង្ឃ ព្រះចៅអធិការ វត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់) ទុកជាកុសលបុណ្យ រៀងៗខ្លួនផង និងឧទ្ទិសដល់អ្នកដែលចែកឋានទៅផង។

សូមបញ្ជាក់ថា បច្ច័យកសាងចំនួន ៦៩៨០ដុល្លារ និង ១១៣,០០០០០រៀល រួមនឹងសំភារៈមួយចំនួន បានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៧អង្គ ដោយក្នុងមួយអង្គមានបច្ច័យចំនួន ២៨០,០០០រៀល រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាដល់លោកយាយជី តាជីផងដែរ។ សរុបថវិកាទាំងអស់ចំនួន ៦៩៨០ដុល្លារ និង ១៨៥, ៨០០០០ រៀល។

ក្នុងឳកាសនោះដែរ ឯកឧត្តម គឹង វណ្ណៈក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *