fbpx

លោកស្រី ហ៉ឹម ម៉ាលី អញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង

ចែករំលែក

ភ្នំពេញ ៖ លោកស្រី ហ៉ឹម ម៉ាលី ដែលជាម្ដាយបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី១០ នាថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងពិធីនេះយ៉ាងមហោឡារឹក។

ដូចអ្វីដែលបានធ្វើជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានប្រារព្ធឡើងតាមសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋ ទៅតាមគន្លងព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការ ប្រគេនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃឧទ្ទិសកុសល ដល់អ្នកដែលបានរងគ្រោះ ស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១៣ហើយ ដែលនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំពិធីកាន់បិណ្ឌ។ ហើយពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *