fbpx

កម្មវិធី TikTok ត្រូវបានពន្យារពេលក្នុងការបិទ មួយសប្តាហ៍ទៀត ក្រោយពីបានរៀបចំកិច្ចព្រមព្រៀងថ្មី

ចែករំលែក

ក្រោយពីនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុន Google និងក្រុមហ៊ុន Apple រៀបចំបិទការទាញយកកម្មវិធី TikTok នាល្ងាចថ្ងៃអាទិត្យនេះ ក្រុមហ៊ុន ByteDance និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត ដូចជាក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart បានខិតខំប្រឹងប្រែងរៀបចំកិច្ចព្រមព្រៀងថ្មីជាបន្ទាន់ដើម្បីចៀសវាងពីការបិទនេះ។

ជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ ពួកគេនឹងបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា TikTok Global ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក ដោយមានការចូលរួមភាគហ៊ុនពី ក្រុមហ៊ុន Oracle មាន ១២.៥% និង ក្រុមហ៊ុន Walmart មាន ៧.៥%។ ក្រុមហ៊ុនថ្មីនេះយល់ព្រមថានឹងផ្ដល់ការងារដល់ជនជាតិអាមេរិកចំនួនប្រមាណ ២៥០០០នាក់ នេះបើប្រៀបធៀបនាពេលបច្ចុប្បន្ន ដែលក្រុមហ៊ុន ByteDance មានបុគ្គលិកចំនួនប្រមាណតែ ១០០០នាក់ប៉ុណ្ណោះ។ ជាងនេះទៅទៀតក្រុមហ៊ុននឹងបង្កើតមូលនិធិដែលមានទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារ ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សជំនាន់ក្រោយខាងផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រផងដែរ។

លោកប្រធានាធិបតី ដូណា ត្រាំ (Donald Trump) បានសម្ដែងការគាំទ្រលើកិច្ចព្រមព្រៀងថ្មីនេះ ទោះជាវាមិនបានផ្ដល់នូវអ្វីដែលគាត់ចង់បានទាំងស្រុង ដោយឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិកក៏ដោយក្តី។ ម្យ៉ាងវិញទៀត លោកប្រធានាធិបតី ប្រហែលជាមានការពេញចិត្តដែលទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនឹងត្រូវរក្សាទុកដោយក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ហើយជាងនេះទៅទៀតក្រុមហ៊ុននេះ ក៏មានសិទ្ធិត្រួតពិនិត្យទៅលើកូដ (Source Code) របស់កម្មវិធី TikTok ផងដែរ៕

ប្រភព ៖ ហ្វេសប៊ុកផេកផ្លូវការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *