fbpx

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ

ចែករំលែក

ព្រះសីហនុ ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ក្រុមហ៊ុន Minebea ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលវៃឆ្លាតនៅក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈJICA មានដូចជា គម្រោងសាងសង់ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានសមិទ្ធិផលជាច្រើនទៀត។

ឯកឧត្តម អភិបាលខេត្ត បន្តថារយៈពេលមួយឆ្នាំមកនេះ យើងបានធ្វើការពិភាក្សាចំនួន៣លើក អំពីអំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត ដោយមានការចង្អុលណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនផលិតអំពូលភ្លើងវៃឆ្លាតរៀបចំបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតនៅលើផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងមានការគាំទ្រពីអ្នកវិនិយោគជប៉ុន ដែលបានបង្កើតរោងចក្រផលិតអំពូលឆ្លាតវៃនៅរាជធានីភ្នំពេញ និងបានផ្តល់ការងារជូនយុវជនកម្ពុជា ហើយរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចប្រើប្រាស់ផលិតផលក្នុងស្រុក ។ ខេត្តព្រះសីហនុគ្រោង នឹងបំពាក់អំពូលវៃឆ្លាតប្រកបដោយនិរន្តរភាព ក្រោយបំពាក់រួច យើងនឹងបញ្ជូនមន្ត្រីទៅសិក្សារៀនសូត្រអំពីបច្ចេកទេសដើម្បីងាយ ស្រួលធ្វើការថែទាំ និងជួសជុលនៅពេលខាងមុខ។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនធ្វើរបាយការណ៍លម្អិតអំពីតម្លៃ នៃការថែទាំអំពូលដើម្បីយើងមានមូលដ្ឋានក្នុងការសម្រេចចិត្ត។

លោក Kei Nishihara Vice President ក្រុមហ៊ុន Minebea មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចឱ្យក្រុមហ៊ុន Minebea បំពាក់អំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត LED ៥៨វ៉ាត់ ចំនួន ៥,៣០០ អំពូល នៅតាមដងផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ព្រោះអំពូលវៃឆ្លាតនេះអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០ភាគរយ ក្នុងនោះ អំពូល LED វៃឆ្លាតអាចផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *