fbpx

 សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ 

ចែករំលែក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំលើកទី១នេះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូអំពីអាណត្តិការងារ តួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ដើម្បីជ្រាបជាព័ត៌មាន និងជាជំនួយស្មារតីសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ ដោយសម្ដេចបានគូសបញ្ជាក់នូវតួនាទីធំៗ២ គឺទី១ក្រសួងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងថ្នាក់ជាតិ និងរដ្ឋបាលដែនដី សំដៅសម្រួលដល់ដំណើរការភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ជាពិសេសការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០២មក។

សម្ដេចបានមានប្រសាសន៍ថាតួនាទីភារកិច្ចធំទី២របស់ក្រសួងមហាផ្ទៃ គឺការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការស្នូលក្នុងការថែរក្សាសន្តិសុខ ទូទៅនៅក្នុងប្រទេស ក៏ដូចជាសម្រាប់អ្នកវិនិយោគិនដែលអញ្ជើញមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានបន្ថែមថាក្រៅពីការងារនេះ ក្រសួងក៏មានតួនាទី សំខាន់ស្នូលមួយចំនួនទៀត រួមមានការងារផ្ដល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋ ការងារសញ្ជាតិ អន្តោប្រវេសន៍ ជនភៀសខ្លួន ការចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការគ្រប់គ្រងពន្ធនាគារ ទូទាំងប្រទេស និងសិក្សាស្រាវជ្រាវកែសម្រួលលិខិតបទដ្ឋានក្រោមច្បាប់នៅក្រោមសមត្ថកិច្ចរបស់ក្រសួង។

នៅក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងក្របខណ្ឌនៃវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន អេហ្វប៊ីអាយ (FBI) ស្ថាប័នគយ និងអន្តោប្រវេសន៍អាមេរិក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ការិយាល័យសន្តិសុខប្រចាំស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងជាមួយគ្នានេះប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការល្អក្នុងការងារប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសអំពើភេវរកម្ម ការជួញដូរមនុស្ស គ្រឿងញៀន និងជួញដូរផ្លូវភេទជាដើម។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណស្ថាប័នFBIរបស់សហរដ្ឋអាមេរិកដែលបានជួយគាំទ្រផ្ដល់ជាអាហារូបករណ៍ដល់កម្លាំងនគរបាលកម្ពុជាដែលជាផ្នែកមួយនៃការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកងកម្លាំងរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សារវាងសម្ដេចក្រឡាហោម និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន នាព្រឹកមិញនេះមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗចំនួន៦របស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុនConoco Phillips ក្រុមហ៊ុនAmazon ក្រុមហ៊ុនFord ក្រុមហ៊ុនBell Textron ក្រុមហ៊ុនVisa និងក្រុមហ៊ុនPernod Ricard ដោយតំណាងទាំងនោះបានសម្ដែងនូវការចង់ពង្រីកវិសាលភាព នៃការវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យបានខ្លាំងក្លាថែមទៀតទាំងលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿង យន្ត និងសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនផលិតនូវផលិតផល ប្រើប្រាស់ប្រចាំថ្ងៃ។

ជាការរឆ្លើយតបទៅនឹងគោលបំណងដ៏ល្អនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះវត្តមាន និងការចង់ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ដោយសម្ដេច បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បាន និងកំពុងខិតខំប្រឹងប្រែងរៀបចំទាំងលើទិដ្ឋភាពគោលនយោ បាយច្បាប់ បទដ្ឋានគតិយុត្តិ ក៏ដូចជាការដាក់ចេញយន្តការអនុវត្តជាក់ស្ដែង ជាពិសេសយន្តការពង្រឹងការអនុវត្តច្បាប់ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវកត្តាសន្តិសុខដែលជាកត្តាគន្លឹះក្នុងការបង្កលក្ខណ្ឌអំណោយផលសម្រាប់ការទាក់ទាញការវិនិយោគមកពីក្រៅប្រទេស រួមទាំងសហរដ្ឋអាមេរិកឱ្យកាន់តែខ្លាំងក្លា រួមចំណែករក្សាលំនឹងសេដ្ឋកិច្ចនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្នុងការពង្រឹងការងារមួយចំនួន រួមមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយសម្ដេចបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះបន្ថែមទៀត ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

មុននឹងបញ្ចប់សម្ដេចក៏បានសម្ដែងការជូនពរគណៈប្រតិភូក្នុងវិស័យធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន សូមឱ្យបេសកកម្មរបស់គណៈប្រតិភូទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីជំរុញកាន់តែខ្លាំងក្លាថែមទាំងដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក និងរវាងអាមេរិក និងអាស៊ាន ដោយសម្ដេចបានបញ្ជាក់ថាទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ក្ដី ប៉ុន្តែវាពិតជាមាន ភាពចាំបាច់ណាស់ដែលកម្ពុជា អាមេរិក និងកម្ពុជា អាស៊ាន ត្រូវតែបន្តកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នា លើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *