ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង មិនប៉ះពាល់ដំណាំស្រូវទេ ផ្ទុយទៅវិញ គឺគ្រោះរាំងស្ងួតទេ ដែលបានធ្វើឱ្យដំណាំស្រូវរងផលប៉ះពាល់ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទឹកជំនន់ នៅតាមបណ្តាខេត្ត មួយចំនួន នាបច្ចុប្បន្ននេះ មិនប៉ះពាល់ដល់ដំណាំស្រូវទេ ព្រោះទឹកលិចរយៈពេលខ្លីប៉ុណ្ណោះ ខណៈដំណាំស្រូវ ទាល់តែទឹក លិចចាប់ពីមួយសប្តាហ៍ឡើងទៅ ទើបចាប់ផ្តើមខូចខាត ហើយបើលិចក្នុងរយៈពេលខ្លីបែបនេះ គឺដំណាំស្រូវកាន់តែល្អ។
ឯកឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ មានដំណាំស្រូវប្រមាណជាង១៣០ពាន់ហិកតា កំពុងជួបផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ហើយដំណាំស្រូវប្រមាណ០,៥ភាគរយ បាន ខូចខាតទាំងស្រុង ។
ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញ នៃក្រសួងកសិកម្ម កំពុងតាមដានមើលស្ថានភាពខ្យល់ព្យុះ ថាតើនឹងត្រឡប់មកកម្ពុជាម្តងទៀតដែរទេ ហើយប្រសិនបើត្រឡប់មក ដំណាំស្រូវទាំងនេះ នឹងអាចជួយសង្គ្រោះបាន ព្រោះទឹកក្នុងដងទន្លេមេគង្គ មានមិនគ្រប់គ្រាន់ទេ ប៉ុន្តែបើមិនមានខ្យល់ព្យុះនាំទឹកភ្លៀងមកទេ ដំណាំស្រូវមួយចំនួនទៀត នឹងរងការខូចខាត បើទោះដំណាំស្រូវមួយចំនួន ត្រូវបានជួយសង្គ្រោះយ៉ាងណាក៏ដោយ។ រហូតមកដល់ពេលនេះ ការបង្កបង្កើនផលដំណាំស្រូវ បានសម្រេចរហូតដល់១០៤ភាគរយហើយ នេះបើតាមការ ឱ្យដឹងពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម៕