fbpx

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៧២៣គ្រួសារក្នុងសង្កាត់គោករកាទទួលអំណោយពីសប្បុរសជន

ចែករំលែក

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ និងរដ្ឋបាលសង្កាត់គោករកា បានរៀបចំកម្មវិធីចែកអំណោយរបស់សប្បុរសជន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧២៣គ្រួសារ មកពីសហគមន៍ត្រពាំងសំព័រថ្មី សហគមន៍អណ្តូង៤ និងអណ្តូង៦ និងភូមិត្រពាំងសំព័រ ភូមិអណ្តូង ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងភរិយា លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោកស្រីទ្រី ដាណា និងក្រុមការងារជាច្រើនរូបទៀត។

ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៧២៣គ្រួសារ ក្នុងសង្កាត់គោករកា លោកសុខ សម្បត្តិ និងសប្បុរសជន បានចែកអំណោយក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ ២០គីឡូក្រាម, មី១កេស ,​ទឹកស៊ីអ៊ីវ១យួរ , ត្រីខកំប៉ុង១យួរ និងថវិកាចំនួន ៥០.០០០រៀលផងដែរ។

ក្នុងឱកាសនោះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា កាលពីយប់ថ្ងៃទី១១ ខែតុលា កន្លងមក លោកបានចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកំពុងតែជន់លិចដោយទឹកភ្លៀង ក្នុងសហគមន៍អណ្តូង៤ និងអណ្តូង៦ ក្នុងសង្កាត់គោករកា ពេលលោកត្រឡប់ទៅផ្ទះវិញគឺលោកសម្រានមិនលក់នោះទេ ដោយមានបងប្អូនខ្លះប្រាប់ថា ពួកគាត់អត់មានគ្រែ ដោយដេកនៅលើឥដ្ឋការ៉ូ ពេលនេះទឹកលិចអស់ពួកគាត់មិនបានគេងនោះទេ។ ពេលឮដូចនេះលោកបានរកដំណោះស្រាយភ្លាមគឺបញ្ជាឲ្យក្រុមការងាររៀបចំទីទួលសុវត្ថិភាព គឺទៅស្នាក់នៅក្នុងវត្តមួយរយៈពេលសិន តែពួកគាត់មិនព្រមទៅចោលផ្ទះឡើយ។

លោកអភិបាលខណ្ឌព្រែកព្នៅបន្តថា បន្ទាប់ពីលោកបានរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មកដល់ពេលនេះលោកអភិបាលរាជធានីភ្នំពេញបានចែកជូនគ្រែចំនួន៣០ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍អណ្តូង៤ និងអណ្តូង៦ ជាបន្តបន្ទាប់។

លោកបន្តទៀតថា សូមឱ្យបងប្អូន និងយុវជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌ ពោលគឺខ្មែរត្រូវតែជួយខ្មែរ ដើម្បីអនាគតសម្រាប់កូនខ្មែរទាំងអស់គ្នា។ ជាងនេះទៅទៀតគួរយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើមដើម្បីឱ្យជីវិតខ្មែគ្រប់រូបរស់នៅដោយសេចក្តីសុខក្នុងដំបូលសុខសន្តិភាពតែមួយជាមួយគ្នា។

លោក សុខ សម្បត្តិ បញ្ជាក់ថា នេះជាការចូលរួមចំណែករបស់សប្បុរសជន ក្នុងការលុបបំបាត់ភាពក្រីក្រជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងខណ្ឌព្រែកព្នៅយើងនេះ។
នាខណៈនោះផងដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រៅដល់លោក អ្នកសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាបាន ចំណាយពេលវេលា និងថវិកា ជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម ហើយលោកបានចាត់ទុកថា នេះគឺជាការរួមចំណែកលប់បំបាត់ភាពក្រីក្រក្នុងមូលដ្ឋាន ស្របនឹងការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *