fbpx

អង្គកឋិនទានផ្តើមដោយលោកស្រី ហ៊ឹម ម៉ាលី ម្តាយឯកឧត្តម ហេង ឡាលីន ដង្ហែទៅវត្តវិបស្សនារាម ហៅ វត្តកំពង់អំពិល នៅឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

ចែករំលែក

ស្វាយរៀង ៖ ដោយសារមានចិត្តធម្មទានវិស័យព្រះពុទ្ធសាសនារបស់ខ្មែរយើង លោកស្រីមហាឧបាសិកា ហ៊ឹម ម៉ាលី លោក បាន ម៉េងទូច និងលោកស្រី ឈៀង ស្រីឡៃ ព្រមទាំងបុត្រ ឯកឧត្តមហេង ឡាលីន និងលោកជំទាវ សេង សូវីរដ្ឋា ព្រមទាំងបុត្រ លោក ឈៀង ម៉ាឡា និងភរិយា ព្រមទាំងបុត្រ លោក ហេង ឌី និងភរិយា ព្រមទាំងបុត្រ ព្រមទាំងពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធធ្វើមហាអង្គឋិនទានសាមគ្គីដើម្បីយកមកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមា វត្តវិបស្សនារាម ហៅវត្តកំពង់អំពិល នាព្រឹកអាទិត្យ ៩កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយដង្ហែឆ្ពោះទៅកាន់វត្តវិបស្សនារាម ហៅ វត្តកំពង់អំពិល ស្ថិតក្នុងភូមិ កំពងអំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង រួចប្រទក្សិណជុំវិញព្រះវិហារបីជុំ បន្ទាប់មកវេរអង្គកឋិនទាន រួចវេរប្រគេនព្រះសង្ឃក្រាលគ្រង ជាកិច្ចបង្ហើយបុណ្យ ។

កឋិនទានគឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ ហើយអ្នកទទួលត្រូវតែជាភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា ដោយចប់សព្វគ្រប់រយៈពេលបីខែ ហើយក៏ត្រូវតែជាការចូលបឋមវស្សាហើយ ត្រូវតែគ្មានជម្លោះធំដុំកើតឡើង ក្នុងចំណោមភិក្ខុសង្ឃក្នុងអារាមនោះ។

នៅក្នុងពិធីបុណ្យអង្កកឋិនទាន ដ៏អធឹកអធម្មនេះដែរទទួលបានបច្ច័យសរុបចំនួន ៥៣,៦៨០,០០០. រៀល (ហាសិបបីលានហុកសិបប្រាំបីម៉ឺនរៀល) និង១៥,៨១៩ដុល្លារ
(មួយម៉ឺនប្រាំពាន់ប្រាំបីរយដប់ប្រាំបួនដុល្លារ)។

ក្នុងឱកាសនោះដែរ មហាឧបាសិកា ហ៊ឹម ម៉ាលី ក៏បានជួបសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ្ធ ដោយបានលើកឡើងពីការធ្វើកឋិនទានឡើងថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ១៩៧៩ដែលធ្វើឱ្យសាសនារស់ឡើងវិញ ប្រជាពលរដ្ឋគ្រប់ៗរូបបានធ្វើបុណ្យធ្វើទានឡើងវិញ ក្នុងនោះមហាឧបាសិកា ហ៊ឹម ម៉ាលី ក៏បានរៀបរាប់ពីការបាត់បង់ជីវិរបស់បងស្រីបង្កើត និងមានការស្រណោះយ៉ាងខ្លាំង ដែលបានត្រូវពួកប៉ុលពតសម្លាប់នៅក្នុងវត្តនេះនៅសម័យខ្មែរក្រហម។ ហើយជាមួយគ្នានេះក៏ 《អរគុណសន្តិភាព 》ដែលខិតខំសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំង។

ក្នុងឱកាសនោះដែរ លោកស្រីមហាឧបាសិកា ហ៊ឹម ម៉ាលី និងក្រុមគ្រួសារបានចែកអំណោយជា សារ៉ុង ក្រណាត់ស និងថវិកា ដល់តាជី យាយជី និងពុទ្ធបរិស័ទ រួមទាំងក្មួយៗកុម៉ារា កុម៉ារី ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំរយៈពេល២៩ថ្ងៃ ដែលអាចធ្វើកឋិនបាននោះ ក្រុមគ្រួសាររបស់លោកស្រីមហាឧបាសិកា ហ៊ឹម ម៉ាលី បានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយទឹកចិត្តជ្រះថ្លាដង្ហែវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាចំនួនបីវត្ត។

ក្នុងព្រះវិន័យបានកំណត់ច្បាស់ថា សាមណេរគ្មានសិទ្ធិទទួលកឋិនបានទេ គឺបានតែភិក្ខុហើយ បើភិក្ខុនោះមិនបានចូលវស្សា ឬបានចូលវស្សាដែរប៉ុន្តែបានធ្វើដាច់វស្សា ក៏មិនអាចទទួលកឋិនបានដែរ ហើយបើទោះជាមិនដាច់វស្សា ប៉ុន្តែភិក្ខុទាំងនោះមានជម្លោះឈ្លោះទាស់ទែងគ្នា ក៏មិនអាចទទួលកឋិនបានដែរ។

កឋិន ជាប្រភេទចីវរទាន ហេតុនេះវត្ថុដែលប្រើប្រាស់ដែលជាតួអង្គកឋិន មានតែស្បង់ចីពរ ឬសង្ឃាដី (ទីទៃពីនេះទៅហៅថាបរិវាកឋិន ឬអានិសង្សលាភហើយគេអាចនាំសម្ភារនានាទៅរួមក្នុងកឋិននេះបានតាមប្រាថ្នា)។
ប៉ុន្តែសំពត់ដែលអាចប្រើប្រាស់ជាសំពត់កឋិនបានលុះណាតែធ្វើត្រឹមត្រូវ តាមខ្នាតដែលបានកំណត់ដោយវិន័យ។

ក្នុងមួយឆ្នាំរយៈពេលដែលអាចធ្វើកឋិនបាន មានតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពី០១រោច ខែអស្សុជ ដល់ថ្ងៃ៦កើត ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី ៣១ ខែតុលា ហៅថា កឋិនកាល៕

1 (2)


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *