fbpx

បន្ទាប់ពីណែនាំជាច្រើនលើករួចមក អាជ្ញាធរក្រុងស្វាយរៀងប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួន ដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈ

ចែករំលែក

ស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង តំណាងលោកអភិបាលក្រុងស្វាយរៀង កាលពីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានក្ដៅទៅលើក្រុមអាជីវករមួយចំនួន លក់ដូររំលោភយកចំណីផ្លូវសាធារណៈផ្លូវជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀងបង្កស្ទះចរាចរណ៍ បន្ទាប់ពីរដ្ឋបាលក្រុង បានណែនាំជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនអនុវត្តតាម។

សកម្មភាពចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ការដាក់តាំងទំនិញលក់នៅជុំវិញផ្សារវាលយន្តនៅក្រុងស្វាយរៀងនេះ គឺមានការចូលរួមពីមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង នគរបាលក្រុង មន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិ និងភាស៊ីផ្សារជាច្រើនរូបផងដែរ។

លោក សរ សុដានី បានឲ្យដឹងថា រដ្ឋបាលក្រុងស្វាយរៀង បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក ក៏ដូចជាតាមរយៈការចាក់មេក្រូ លាយល័ក្ខអក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឲ្យមានចូលរួមសហការជាមួយ។ ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះ ធ្វើដើម្បីផលប្រយោជន៍រួមមិនមែនបុគ្គលណាមួយនោះទេ ដោយក្នុងនាមជាអាជ្ញាធរ គឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ធំទូលាយដើម្បីងាយស្រួល ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថា «បើកាលណាបងប្អូនក្រុមអាជីវករ រៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ផ្លូវធំនោះ គឺងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទិញមុខទិញទំនិញផ្សេងៗ មានចិត្តសប្បាយរីករាយចំណែកបងប្អូនលក់ដូរវិញ ក៏មានចិត្តសប្បាយក្នុងការលក់ដូរ និងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួន ធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួន ដើម្បីតែលក់ដូរបំពានលើចំណីផ្លូវនោះលោកក៏មិនសប្បាយចិត្តដែរ»។

លោកអភិបាលរងក្រុងស្វាយរៀងបន្តថា តាំងនាមអាជ្ញាធរក្រុងស្វាយរៀង សូមក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករ សូមចូលរួមសហការជាមួយ និងអនុវត្តតាមរបស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាក់បីដូចជា មើលស្រាលដល់ក្រុមការងារ ខ្លះសំដីមិនល្អមិនពិរោះស្ដាប់ ប៉ុន្តែអាជ្ញាធរគឺបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាប ដល់បងប្អូនចូលរួមស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករ ដែលលក់ដូរនៅទូទាំងក្នុងក្រុងស្វាយរៀង ដែលបានតាំងលយសំយាបមុខផ្ទះលើចំណីផ្លូវ និងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាម សេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្តហើយធ្វើឲ្យមានផលប៉ះពាល់ដល់សម្ភារ និងពេលវេលាផលប្រយោជន៍របស់បងប្អូនហើយស្រែកថា អយុត្តិធម៌អាជ្ញាធរប្រើធម៌ក្ដៅនោះមិនពិតទេជាក់ស្ដែង គឺដើម្បីចង់ឲ្យបងប្អូនមានការប្រែក្លាយ ជាអាជីវករគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនអាចធ្វើទៅបាន៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *