កំពត ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានម៉ាស៊ីនបូមខ្សាច់ មួយគ្រឿង បានចូលបូមខ្សាច់ លុបព្រៃលិចទឹកមួយកន្លែង ជាប់មាត់ព្រែក ព្រែកត្នោត ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ប្រជាពលរដ្ន ដែលរស់នៅ ជាប់ច្រាំងព្រែកនោះកំពុងមានការព្រួយបារម្មណ៍ រឿងបាក់ច្រាំងព្រែក លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត មានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានរឿង បូមខ្សាច់នោះទេ ហើយការបូមនោះលុះត្រាតែមានច្បាប់ចេញពីមន្ទីរជំនាញត្រឹមត្រូវ។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ឡង់បូមខ្សាច់ មួយគ្រឿងនេះបានបូមខ្សាច់ដើម្បីលុបព្រៃលិចទឹក មួយកន្លែងជាប់ដងព្រែក ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនេះ មិនទាន់មានច្បាប់។
ប្រជាពលរដ្ឋ និងមន្ត្រីតូចតាច មួយចំនួន នៅស្រុកទឹកឈូ បានឲ្យដឹងថា សកម្មភាពបូមខ្សាច់ នៅតាមដងព្រែកនេះ មិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ ហើយការបូមខ្សាច់នេះ គឺមានការឃុបឃិត គ្នាជាប្រព័ន្ធ រវាងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បើពុំមានការបើកភ្លើងខៀវ ពីសំណាក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនោះទេ ម៉ាស៊ីនបូមខ្សាច់មួយគ្រឿងនេះ ក៏ពុំហ៊ានធ្វើសកម្មភាពដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរកន្លងមក អង្គភាពសារព័ត៌មាន រស្មីគោកធ្លក យើងបានទាក់ទងទៅលោក ជាវ តាយ អភិបាលខេត្តកំពត ដែរតែលោកមិនលើកទូរស័ព្ទ។ អង្គភាពយើងរង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។