fbpx

ពេជ្រ ចរណៃ បើកសាលាគុនល្បុក្កតោមានឈ្មោះ «ជ័យតេជៈ» ដើម្បីបង្រៀនដល់កូនខ្មែរជំនាន់ក្រោយ

ចែករំលែក

ភ្នំពេញ ៖ បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា បានចេញវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះសាលាគុនល្បុក្កតោមានឈ្មោះ «ជ័យតេជៈ» ដែលមានអាសយដ្ឋានដីឡូតិ៍លេខ២៦០៨ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានកញ្ញា អ៉ិត កន្និកា ជាប្រធានសាលាគុន និងលោក ចាន់ ឬទ្ធិស័កិ្ត ជាគ្រូបង្គោល ដើម្បីចូលរួមអភិវឌ្ឍ អភិរក្ស បណ្តុះបណ្តាល និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកីឡាគុនល្បុក្កតោ ដល់យុវជនជំនាន់ក្រោយ។

តារាសម្តែង ពេជ្រ ចរណៃ ដែលមានឈ្មោះពិតថា អ៉ិត កន្និកា បានខិតខំត្រួសត្រាយផ្លូវ ធ្វើយ៉ាងណាឲ្យសាលាបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោខ្មែរ លេចចេញជារូបរៀងឡើង ដោយនាងបានស្នើសុំច្បាប់បង្កើតសាលាគុននេះ ទៅកាន់បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា អស់រយៈពេលជាង៣ខែមកហើយ ដោយទើបតែទទួលបានវិញ្ញាបនបត្រ ពីបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជក់ពីការចុះឈ្មោះសាលាគុននេះ ជាផ្លូវការ។

កញ្ញា ពេជ្រ ចរណៃ បានប្រាប់ទាំងអារម្មណ៍សប្បាយរីករាយថា នាងពិតជារំភើបចិត្ត នៅពេលដែលក្តីបំណងប៉ងប្រាថ្នា បើកសាលាបណ្តុះបណ្តាលគុនល្បុក្កតោខ្មែរ ទទួលបានជោគជ័យ និងមានការជួយគាំទ្រពីបងប្អូនសប្បុរសជន និងក្មេងៗជំនាន់ក្រោយ បានចូលហាត់រៀនជាហូរហែ។ នាងបន្តថា ការសិក្សាក្បាច់គុនល្បុក្កតោ គឺមិនបានយកកម្រៃអ្វីឡើយ សម្រាប់សិស្សដែលមានជីវភាពខ្វះខាតខ្លាំង ប៉ុន្តែប្រសិនបើសិស្សណាមានលទ្ធភាព គឺគ្រាន់តែជួយចេញថ្លៃទឹក និងភ្លើង នៅក្នុងសាលាដែលពួកគេហាត់រៀនតែប៉ុណ្ណោះ។

ពេជ្រ ចរណៃ បានបន្ថែមទៀត គោលបំណងសំខាន់ នៃការបើកសាលាបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោនេះឡើង គឺដើម្បីឲ្យកូនខ្មែរជំនាន់ បានសិស្សារៀនសូត្រ ស្នងតំណែងពីលោកគ្រូៗជំនាន់មុន ដែលក្បាច់គុនល្បុក្កតោ ហាក់មិនទាន់មានសកម្មភាពទូលំទូលាយនៅឡើយ ជាពិសេសចង់ឲ្យអន្តរជាតិស្គាល់ពីវប្បធម៌ខ្មែរ និងគ្រិះនៃក្បាច់គុនខ្មែរ មានតាំងពីបុរាណ និងល្បីល្បាញជាយូរឆ្នាំមកហើយ។ យ៉ាងណាមិញ ពេជ្រ ចរណៃ ក៏បានស្នើដល់មហាជនឲ្យជួយគាំទ្រ និងជួយចែករំលែកអំពីព័ត៌មាន នៃការហាត់រៀនក្បាច់គុនល្បុក្កតោខ្មែរ ឲ្យបានផុសផុល ជ្រួតជ្រាបដល់មហាជនទូទៅ។

នាងបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គឺមានសិស្សបានមកចុះឈ្មោះសិក្សាក្បាច់គុនល្បុក្កតោជាបន្តបន្ទាប់ ដោយក្នុងនោះ ក្រៅពីរូបនាងជាអ្នកបង្ហាត់ដោយផ្ទាល់ គឺនៅមានគ្រូចំនួន៦នាក់បន្ថែមទៀត ដើម្បីជួយបង្ហាត់បង្រៀន ខណៈដែលនាងក៏មានភាពមមាញឹកទៅលើការងារសិល្បៈ ដើម្បីស្វះស្វែងរកចំណូល មកទ្រទ្រង់សាលា និងខ្លួនឯងផ្ទាល់ផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *