fbpx

អតីតសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន ៦៣ នាក់ ស្រី៣៦ នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ក្នុងខណ្ឌមានជ័យ

ចែករំលែក

ភ្នំពេញ ៖ សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅខណ្ឌមានជ័យ ចំនួន ៦៣ នាក់ ស្រី ៣៦ នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានធ្វើពិធីប្រកាសជាផ្លូវការនៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្រោយពីបានទទួលសេចក្តីសម្រេចបញ្ចូលជាផ្លូវការរួចមកតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ០៣ នាក់ បានឡើងបង្ហាញប្តេជ្ញាចិត្តស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្ស ដើម្បីប្រយោជន៍ជាតិ និងប្រជាជន។
តំណាងសមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបតែទទួលស្គាល់ជាផ្លូវការថ្មីនេះក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការយល់ខុសរបស់ខ្លួនដោយបានទៅរួមរស់ជាមួយគណបក្សដទៃដែលគ្មានមនសិកាស្នេហាជាតិ និងប្រជាជនពិតប្រាកដផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសមាជិកថ្មីដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើង ។

បន្ទាប់មក ឯកឧត្តម ប៉ា សុជាតិវង្ស បន្តថាពីមុនបងប្អូនបានគិតខុសជឿលើការញុះញុងបំបែកបំបាក់ពីសំណាក់ជនអគតិមួយចំនួនដើម្បីតែនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន ប៉ុន្តែពេលនេះបងប្អូនបានត្រឡប់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយដែលនេះគឺជាការបង្ហាញពីការរួបរួមគ្នាឡើងវិញ ក្នុងមហាគ្រួសារខ្មែរ ហើយបើមានការរួបរួមគ្នាខ្មែរយើងនឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែលឿន ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។

ជាចុងក្រោយ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានឧបត្ថម្ភ នូវអង្ករ ១បាវ=១០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ផងដែរ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *