fbpx

អនុរដ្ឋលេខាធិការ ២រូបត្រូវតុលាការចោទប្រកាន់ ពីបទ ឆបោក!

ចែករំលែក

ភ្នំពេញ ៖ លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឆែម ពេត អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ពី បទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់លើជនត្រូវចោទទាំងពីរនាក់ខាងលើនេះ បានធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កាន រិទ្ធី ពាក់ព័ន្ធករណីឆបោក ក្នុងអំពើទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចដាក់ឲ្យ ឯកឧត្តម មាស សាវឿន និង ឯកឧត្តម ឆែម ពេត ស្ថិតនៅក្នុងឃុំបណ្តោះអាសន្ន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងដើម្បីរារាំងកុំឲ្យមានការគៀបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីទប់ស្កាត់ការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត និងដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់ជាសាធារណៈកុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើសនេះ។

ពាក្យបណ្តឹងរបស់ឈ្មោះ កាន រិទ្ធី បានបញ្ជាក់ថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ឈ្មោះ ឆែម ពេត បានណែនាំរូបលោក (កាន រិទ្ធី) ឲ្យទិញដីមួយកន្លែងពីឈ្មោះ មាស សាវឿន។ ដែលពេលនោះលោក កាន រិទ្ធី មិនស្គាល់ថា លោកមាស សាវឿនជាអ្នកណានោះទេ។ ឈ្មោះ ឆែម ពេត បានប្រាប់ថា ដីនេះ មានរឿងក្តីតែបានបញ្ចប់រួចរាល់អស់ហើយ នៅខ្វះតែប្រាក់ថ្លៃសុរិយោដីវាស់វែងតែប៉ុណ្ណោះ! បើមានប្រាក់ភ្លាម និងវាស់វែងធ្វើប្លង់ភ្លាម ទើបនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ឈ្មោះ មាស សាវឿន បានលក់ដីមួយកន្លែងទំហំ ២០,០០០ ម៉ែត្រការ៉េ ស្ថិតក្នុងភូមទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សរុបទឹកប្រាក់ស្មើនឹងចំនួន ៤,០០០,០០០ ដុល្លាអាមេរិក។

ក្នុងកិច្ចសន្យាទិញ-លក់ ដីខាងលើនេះ លោក កាន រិទ្ធី ត្រូវប្រគល់ប្រាក់ចំនួន ៣លើក ឲ្យទៅឈ្មោះ មាស សាវឿន ដោយលើកទី១ ចំនួន ១០០,០០០ ដុល្លាអាមេរិក, លើកទី២ នៅចំនួន ២០០,០០០ ដុល្លាអាមេរិក និងលើកទី៣ បង់ផ្ដាច់ក្រោយពេលរត់ការផ្ទេរសិទ្ធិ (កាត់ឈ្មោះរួចរាល់)។

ក្នុងពាក្យបណ្តឹងដដែលលោក កាន រិទ្ធី បានបញ្ជាក់ថា ១៤ថ្ងៃក្រោយប្រគល់ប្រាក់លើកទី៣ លោកចាប់ផ្តើមសង្ស័យមានភាពមិនប្រក្រតីកើតឡើង ព្រោះការដំណើការរត់ប្លង់កាត់ឈ្មោះមានសភាពយឺតយ៉ាវ។ ដោយហួសថ្ងៃកំណត់ក្នុងកិច្ចសន្យា ដែលត្រូវប្រគល់ប្រាក់ចំនួន ២០០,០០០ ដុល្លាអាមេរិក បន្ថែមទៀតដើម្បីផ្តិតមេដៃលើកិច្ចសន្យាលក់ផ្តាច់ លោក កាន រិទ្ធី និង ភរិយា បានទាក់ទងសួរនាំឈ្មោះ មាស សាវឿន តាមទូរស័ព្ទ និងជួបផ្ទាល់ ឈ្មោះ មាស សាវឿន បានឆ្លើយដោះសារជាច្រើនលើកច្រើនសារថាសុរិយោដីមិនទំនេរ ឬថារដ្ឋមន្ត្រីមិននៅ។

ក្រោយមកឈ្មោះ មាស សាវឿន បានមកសុំលុយចំនួន ២០,០០០ដុល្លាអាមេរិក បន្ថែមទៀតដោយសន្យាថាយកទៅចាក់ដី ធ្វើរបងលើដីដែលបានទិញ តែលោក កាន រិទ្ធី មិនប្រគល់ជូននោះទេ ព្រោះមិនសមហេតុផល និងមិនឃើញមានលិខិតអនុញ្ញាតិអ្វីសោះពីអាជ្ញាធរមានសមត្ថកិច្ច។ បន្តបន្ទាប់មកទៀតភរិយារបស់លោក កាន រិទ្ធី បានហៅទូរស័ព្ទសួរនាំ រឿងដីដែលខ្លួនបានទិញ ពេលនោះឈ្មោះ មាស សាវឿន ប្រាប់ឲ្យឈប់ហៅទូរស័ព្ទមកខ្លួនទៀត ហើយជំរុញឲ្យប្តឹងទៅតុលាការ។

ដោយសារអស់លទ្ធភាពក្នុងការចចារ និងមើលឃើញអំពីចេតនាទុច្ចរិត របស់ឈ្មោះមាស សាវឿន មិនរត់ឯកសារវាស់វែង និងផ្ទេរកម្មសិទ្ធិ ហើយក៏មិនចូលខ្លួនដោះស្រាយជាមួយខ្លួនក្នុងរយៈពេលជិត៤ ឆ្នាំ ម្លោះហើយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោក កាន រិទ្ធីបានសម្រេចដាក់ពាក្យបណ្តឹងអន្តរាគមន៍មកមហាអយ្យការអមសាលាឧទ្ធរណ៍ដើម្បីចាត់ការតាមច្បាប់។

សូមរម្លឹកថា ឯកឧត្តម មាស សាវឿន គឺជាអតីតអភិបាលរងខេត្តព្រះវិហារ ដែលធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងដីធ្លី ហើយកាលពីឆ្នាំ២០១៨ ឯកឧត្តម មាស សាវឿន ក៏ធ្លាប់បានរងការចោទប្រកាន់ថា រំលោភយកដីស្របច្បាប់របស់អ្នកស្រី លឹម វណ្ណា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *