ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។
ការចុះបង្ក្រាបទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ថកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីង ដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ។
អ្នកសារព័ត៌មាន ពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ច ថាតើម្ចាស់ទីតាំងខាងលើនេះជាអ្នកណាឡើយ? ហេតុអ្វីម្ចាស់ទីនេះ អាចបញ្ជឲ្យមន្ត្រីជំនាញ និងតុលាការដកថយ មិនហ៊ានប៉ះពាល់សូម្បីបន្តិច?
ទោះជាយ៉ាងណា នៅពេលចុះបង្ក្រាបទីតាំងខាងលើនេះ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ ដោយលោកលើកឡើងថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ៕