fbpx

ប្រជាពលរដ្ឋចំនួន៥៤៣គ្រួសារ នៅភូមិសាមគ្គី១ និងសាមគ្គី២ ខណ្ឌពោធិ៍សែនជ័យ ទទួលបានប័ណ្ណកម្មសិទ្ធអចលនវត្ថុ

ចែករំលែក

ភ្នំពេញ ៖ ប័ណ្ណសំគាល់អចលនវត្ថុដីធ្លី ដែលហៅថា (ប្លង់រឹង) ចំនួន៥៤៣ប័ណ្ណ ត្រូវបានមន្រ្តីនៃមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យ ភូមិបាលខណ្ឌ និងអាជ្ញាធរដែនដី ខណ្ឌពោធិ៍សែនជ័យ នាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន៥៤៣គ្រួសារ នៅភូមិសាមគ្គី១ និងសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។

លោក ប្លុង សីហៈ ប្រធានការិយាល័យភូមិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានក្រុមវាលទី៦ បានឱ្យដឹងថា នេះជាដំណាក់កាលចុងក្រោយ បន្ទាប់ពីបានចុះសិក្សាប្រមូលទិន្នន័យ ការវាស់វែងកំណត់ព្រំ ការវិនិច្ឆ័យ និងការបិទផ្សាយជាសាធារណៈជូនម្ចាស់កម្មសិទ្ធ ធ្វើការពិនិត្យ តវ៉ា និងកែតម្រូវទិន្នន័យរួចមក បានឈានដល់ការបោះពុម្ភជាផ្លូវការ និងចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ ដោយសន្មត់ថា ទិន្នន័យនេះត្រឹមត្រូវ ពិតប្រាកដតាមកម្មសិទ្ធជាក់ស្តែង នៃគ្រួសារជាម្ចាស់អចលនវត្ថុហើយ។

លោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលរាជធានីភ្នំពេញ បានថ្លែងថា គិតមកត្រឹមថ្ងៃនេះ ក្រុមការងារ វាលទាំង៨ក្រុម ចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានជាង៣០ ម៉ឺនក្បាលដីហើយ ក្នុងនោះបិទផ្សាយបានចំនួន ២៧៦,០១០ក្បាលដី, ផលិត និងចែកប័ណ្ណកម្មសិទ្ឌ ជូនប្រជាពលរដ្ឋបានចំនួន ១៧៦,៥២៨ប័ណ្ណរួចហើយ។

ជារួមក្នុងចំណោម១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំនួន៥ បានបញ្ចប់កម្មវិធីអនុវិស័យជាស្ថាពរហើយ គឺខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌបឹងកេងកង, ខណ្ឌទួលគោក និងខណ្ឌសែនសុខ។ ដោយឡែក ខណ្ឌពោធិ៍សែនជ័យ នៅសល់១ភូមិ និងខណ្ឌកំបូល នៅសល់១សង្កាត់ តែទោះបែបនេះក្តី កម្មវិធីនឹងឈានទៅបញ្ចប់ ក្នុងឆ្នាំ២០២១នេះ។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា នេះជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិឱ្យរីកចំរើជាបន្តបន្ទាប់ប្រកបដោយចិរភាព។

ការបំបែកក្បាលដី បានផ្តល់នូវសារប្រយោជន៍ខ្លាំងណាស់ ដល់ម្ចាស់អចលនវត្ថុ មានន័យថា ពលរដ្ឋទទួលបានភាពស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួន។ គ្រួសារដែលមានប័ណ្ណនេះ ប្រៀបដូចជាមានមាសរាប់គីឡូ ដែលអាចបែងចែកទៅកូនចៅ, ដាក់បញ្ចាំ ឬលក់ដូរតាមតម្រូវការ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណនេះឱ្យល្អ ពិសេសកុំយកវាទៅអ៊ុតប្លាស្ទិកឱ្យសោះ ព្រោះពេលត្រូវការបកវិញអាចបណ្តាលឱ្យខូច។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តក្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលកូវីដ-១៩ ជាបន្តទៀត ទោះបីថាវាស្ងប់បន្តិចក្តី យើងអាចភ្លេចកូវីដ តែកូវីដ មិនភ្លេចយើងទេ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *