fbpx

មិនទាន់ចប់ទេ! ពលរដ្ឋនឹងប្ដឹងទៅក្រសួងពាណិជ្ជកម្មឲ្យបង្ហាញអត្តសញ្ញាណម្ចាស់ក្រុមហ៊ុនទឹកដោះគោម៉ាក Wakodo

ចែករំលែក

ភ្នំពេញ ៖ ករណីចុះទៅបង្ក្រាបទីតាំងស្តុកទឹកដោះគោម៉ាក Wakodo កាលពីថ្ងៃម្សិលមិញ នៅពុំទាន់ចប់នៅឡើយទេ ពុំទាន់ចប់ គឺដោយសារតែប្រជាពលរដ្ឋដែលបានប្ដឹងទៅសមត្ថកិច្ចជំនាញឲ្យចុះទៅបង្ក្រាបមិនអស់ចិត្តនៅពេល សមត្ថកិច្ច និងតំណាងអយ្យការ ចុះទៅតែមើលរួចនាំគ្នាដកខ្លួនថយយ៉ាងប្រញាប់ប្រញាល់ មិនហ៊ានប៉ះពាល់ ឬបង្ហើបសូម្បីតែឈ្មោះម្ចាស់ទីតាំងខាងលើ។

ប្រភពពីប្រជាពករដ្ឋ បានលើកឡើងថា ពួកគាត់មិនអស់ចិត្តចំពោះកិច្ចប្រតិបត្តិការណ៍របស់មន្ត្រីជំនាញ និងតុលាការ កាលពីថ្ងៃម្សិលមិញឡើយ ហើយក៏នឹងគ្រោងដាក់ពាក្យប្ដឹងទៅក្រសួង ពាណិជ្ជកម្ម បន្ដទៀតដើម្បីឲ្យក្រសួងនេះបញ្ជាក់ពីអត្តសញ្ញាណរបស់ក្រុមហ៊ុន VNK Corporation LTD ដែលនាំចូលផលិតផលគោម៉ាក Wakodo ថាជាអ្នកណាទៅហេតុអ្វីមន្ត្រីអនុវត្តច្បាប់មិនហ៊ានប៉ះសូម្បីតែបន្ដិចបែបនេះ?

សូមជម្រាបថា កម្លាំងសមត្ថកិច្ច នៃគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។

ការចុះបង្ក្រាបទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ថកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីង ដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ។

អ្នកសារព័ត៌មាន ពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ច ថាតើម្ចាស់ទីតាំងខាងលើនេះជាអ្នកណាឡើយ? ហេតុអ្វីម្ចាស់ទីនេះ អាចបញ្ជាឲ្យមន្ត្រីជំនាញ និងតុលាការដកថយ មិនហ៊ានប៉ះពាល់សូម្បីបន្តិច?

ទោះជាយ៉ាងណា នៅពេលចុះបង្ក្រាបទីតាំងខាងលើនេះ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ ដោយលោកលើកឡើងថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *