fbpx

កាស៊ីណូ  KING ROOSTER បន្តបើកអោយអ្នកញៀនល្បែងភ្នាល់ (ជល់មាន់) យ៉ាងគគ្រឹកគគ្រេង !

ចែករំលែក

ត្បូងឃ្មុំ ៖ ស្របពេលដែល រាជរដ្ឋាភិបាល ហាមឃាត់មិនឲ្យមានការជួបជុំ ដើម្បីទប់ស្កាត់ឆ្លងជំងឺ កូវីដ១៩ ឲ្យមានប្រសិទ្ធភាព កាស៊ីណូ ឃីង រូស្ទឺ (KING ROOSTER) ស្ថិតនៅឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក បានបើកល្បែងបញ្ជល់មាន់ យ៉ាងគគ្រឹកគគ្រេង ដោយតម្លៃ ក្នុងមួយគូរៗ កើនដល់៣ម៉ឺនដុល្លារ ឯណោះ នេះបើយោងតាម ប្រភពសុំមិនបញ្ចេញឈ្មោះ បង្ហើបប្រាប់អ្នកសារព័ត៌មានយើង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។ ចុះបើមានករណី ផ្ទុះការរីករាលដាល ជំងឺ កូវីដ១៩ វិញ តើអាជ្ញាធរ និងសមត្ថកិច្ច គិតយ៉ាងណាទៅ ?

ប្រភពដដែលបន្តថា អ្នកចូលលេងល្បែងភ្នាល់ កាស៊ីណូ ខាងលើមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករ ពពាក់ពពួនគ្នា មិនខ្លាចឆ្លងកូវីដសោះ ហើយស្ទើរតែ១០០ ភាគរយ នៃអ្នកចូលលេង ជាជនជាតិខ្មែរ តែម្តង ផ្ទុយពីច្បាប់ដែលចែងថា អនុញ្ញាតឲ្យតែជនបរទេស ចូលលេងប៉ុណ្ណោះ តែកាស៊ីណូ នេះ មានពលរដ្ឋខ្មែរ សម្រុកចូលលេងច្រើនជាងបរទេស សង្ស័យធ្វើអោយតែល្អមើលតែប៉ុណ្ណោះ ។

ប្រភពពីអ្នកលេងល្បែងបានបង្ហើបថា មានពេលខ្លះ អ្នកញៀនល្បែងបញ្ជល់មាន់ចាញ់លុយអស់រហូតដល់ម៉ឺនដុល្លារ តែមើលទៅហាក់ដូចជាគេមិនខ្ចីឈឺក្បាលឡើយ ដោយសារគេសម្បូរលុយ ដែលមិនដឹងជាអ្នករកស៊ី ឬបានមកពីណាទេ? ក្នុងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ក្នុងនោះក៏បានចែងថា ៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ។

តួយ៉ាង ល្បែងស៊ីសង ជាដើមចម នៃបទល្មើសនានា ដូចជា ៖ អំពើលួច ឆក់ ប្លន់ និងហិង្សាក្នុងគ្រួសារជា ជាពិសេស បង្កឲ្យមានភាពអសន្តិសុខ នៅក្នុងសង្គម ជាដើម ។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មេត្តាចុះពិនិត្យ និងមានវិធានការជួយទប់ស្កាត់ ធ្វើយ៉ាងណា មិនឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនោះ ព្រោះពួកគាត់ព្រួយបារម្ភខ្លាចមានអំពើហិង្សា ក្នុងគ្រួសារ ឬអំពើចោរកម្ម កើតឡើង ជាពិសេស ចូលរួម ក្នុងការទប់ស្កាត់ ការរីករាលដាលពីការចម្លងកូវីដ-១៩ ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ អ្នកសារព័ត៌មានយើង បានផ្ញើវីដេអូ ស្តីពី សកម្មភាព ជល់មាន់ ក្នុងកាស៊ីណូ ឃីង រូស្ទឺ (KING ROOSTER) យ៉ាងគគ្រឹកគ្រេង ពពាក់ពពូនគ្នា គោរពជូន លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តាមសារអេឡិកត្រូនិក (Whatsapp) ក្នុងនោះ ឯកឧត្តម ថ្នាក់ដឹកនាំខេត្តទាំង២ បានពិនិត្យ តែមិនទាន់បានឆ្លើយតបថាយ៉ាងម៉េចនោះទេ ។

ប្រសិនបើមានការបកស្រាយបំភ្លឺ ពីអាជ្ញាធរមានសមត្ថកិច្ច និងសាម៉ីភាគីពាក់ព័ន្ធទាំងអស់ អង្គភាពសារព័ត៌មាន យើងនឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *