fbpx

គ្រោះលើគ្រោះ! លោក អភិបាលស្រុករំដួល ជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក

ស្វាយរៀង ៖ គ្រោះលើគ្រោះលោក អភិបាលស្រុករំដួល ខេត្តស្វាយរៀង ត្រឡប់មកពីមើលឪពុកក្មេកមានជំងឺ បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ហើយមានម៉ូតូ១ គ្រឿងទៀតបើកលឿនដូចហោះមកបុកបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួននៃកំណាត់ផ្លូវលេខ ១០៧ និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាក ហ្វត (Ford RANGER ) ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-9192 បើកបរទិសដៅពីលិចទៅ កើតលុះ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA ព្រូស ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-5559 បើកបរពីជើង ទៅត្បូងយ៉ាងលឿនក៏បុកជាមួយរថយន្ត ហ្វ តពេញទំហឹងលាន់ដូចរន្ទះ( ចំទ្វារថយន្ត ហ្វត ខាងមុខ ) ខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សាលួត ( ផលិតនៅប្រទេសវៀតណាម ) ទិសដៅពីលិច ទៅកើត លឿនដូចហោះមកបុកចំទទឹងរថយន្តព្រូសពេញទំហឹងបណ្តាលឲ្យដាច់ម៉ូតូជាពីរហើយអ្នកបើកម៉ូតូបោកខ្ទប់ទៅនឹងរថយន្តរងរបួសក្បាល និងបាក់ដៃខាងឆ្វេងសន្លប់ស្តូកស្តឹង ។

ចំណែកអ្នកបើកបររថយន្តព្រូសរបួសធ្ងន់ជាប់នៅក្នុងរថយន្តត្រូវអ្នកឃើញហេតុការណ៍ ជួយទាញទ្វារនាំចេញពីរថយន្ត ( បុកទ្រូងនិងចង្កូតរបួសជើងទាំងសងខាងធ្ងន់ ) ។ ចំណែក អ្នកបើកបររថយន្ត ហ្វត គឺគេស្គាល់ថាលោក សុខា រ៉ាម អភិបាលស្រុករំដួល របួសស្រាលត្រូវបានអ្នកជិតខាង ដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាល ។

ប្រភពបន្តថា អ្នកបើកបររថយន្តម៉ាកព្រូស ឈ្មោះ មាស ខេមរា ភេទ ប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិរាមសេនា ឃុំដូង ស្រុករមាសហែក ( របួសជើងទាំងពីរ និងបុកទ្រូងនិង ចង្កូតរថយន្ត របួសធ្ងន់ ) ។

សមត្ថកិច្ចបានពិនិត្យជាតិអាកុលឃើញថាអ្នកបើកបររថយន្តព្រួសមានជាតិអាកុល១.១១ ហើយ ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា មុនកើតហេតុ គេឃើញ ឈ្មោះ មាស ខេមរា ចេញពី ហាង ផឹកស៊ីមួយនៅ ភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្បែរកន្លែងកើតហេតុ នោះប្រមាណជាង២០០ ម៉ែត្រ ។ រីឯ អ្នកបើកម៉ូតូឈ្មោះ ភាព មុខរបរលក់ដូររស់នៅ ភូមិក្បាលស្ពាន សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង មានជាតិអាល់កុល ដែរ របួសក្បាល និងបាក់ដៃ ខាងឆ្វេង សន្លប់នៅនឹងកន្លែង ។ រថយន្តព្រូសខូចខាតយ៉ាងដំណំខ្ទេចកាប៊ីនខាងមុខទាំងស្រុង កំពៀតទ្វារ ខាងឆ្វេងធ្ងន់ ។ រីឯរថយន្ត ហ្វត បន្ថែមល្បឿនបុកឡើងលើខឿន ជ្រុលទៅបុកបង្គោល វីង ទើបអស់ល្បឿនទៅមុខលែងរួច ក៏ខូចខាតធ្ងន់ដាច់កង់ខាងមុខ ក្រពឹតទ្វារមុខខាងឆ្វេង បាក់ ដែកឈ្នាន់ខាងឆ្វេង ផ្ទុះពោងខាងឆ្វេង ចំនួន២ ។ រីឯ ម៉ូតូដាច់ជាពីរកំណាត់ ខូចធ្ងន់ ។

បន្ទាប់ពីគ្រោះថ្នាក់បាន២០នាទីទើបសមត្ថកិច្ចមកដល់ហៅរថយន្ត សាមុយដឹកជនរងគ្រោះ ជាអ្នកបើកបរម៉ូតូយកទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ បន្ទាប់មករថយន្តសាមុយមកដឹក ម្ចាស់រថយន្តព្រូសទៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ដើម្បីសង្គ្រោះដែរ ។ រហូតដល់វេលាម៉ោង៩ និង ៤៥ នាទីយប់ទើបរថយន្តស្ទូច មកស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សារទុកនៅ អធិការដ្ឋាន នគរបាល ក្រុងស្វាយរៀង ដើម្បីដោះស្រាយ តាមនីតិវិធី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *