fbpx

ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ចំនួន៥០គ្រួសារ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥០គ្រួសារ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិសែនជ័យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ពិធីចែកជូននូវអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេណពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។

លោក ប្រធានកិត្តិយស បានលើកឡើងថា ៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ រឺពណ៌សម្បុរអ្វីទាំងអស់។

លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំស្វែងរកវ៉ាក់សាំងការពារកូវីដ១៩ តាមការស្នើរសុំជំនួយពីបណ្តាប្រទេសជាមិត្ត និងការបញ្ជារទិញវ៉ាក់សាំងដោយផ្ទាល់ដើម្បីនាំយកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអោយបានជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

លោក ហែម ដារិទ្ធ បានបន្ថែមថា បើទោះបីស្ថានភាពកូវីដ-១៩ នៅកម្ពុជា មានការធូរស្រាលក៏ពិតមែន ប៉ុន្តែសំរាប់ការចូលរួមអនុវត្តនូវវិធានការ បីកុំ និងបីការពារ ក៏ត្រូវតែប្រកាន់អោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយមានការកើនឡើងនៅការរាលដាលជំងឺនេះម្តងទៀត។

គូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥០គ្រួសារ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករមួយបាវ ត្រីខ១យួរ រួមនិងថវិការ៥០០០០រៀលផងដែរ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *