fbpx

ឆ្នាំ២០២៣ កម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២១៧ ដល់ ២២៨ ដុល្លារអាមេរិក

ចែករំលែក

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការ ត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករ និយោជិតចំនួន ៧លើក, ភាគីនិយោជកចំនួន ៣លើក, ភាគីរដ្ឋាភិបាលចំនួន ២លើក, ទ្វេភាគីរាជរដ្ឋាភិបាល ជាមួយភាគីកម្មករនិយោជិត និងភាគីនិយោជកចំនួន ៨លើក និងត្រីភាគីចំនួន ៥លើក) ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖

តួលេខចំនួន ១៩៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេង លើ ៥១សំឡេង
តួលេខចំនួន ២០៦ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២១០ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេងនិងសំឡេងមិនបានការចំនួន០សំឡេង លើ ៥១សំឡេង។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩៨ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

យោងរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុង ស្ថានភាពដែលកម្ពុជាបានបង្កើតនូវភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឱ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន១៩៨ (មួយរយកៅសឹបប្រាំបី) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួល អប្បបរមាចំនួន ២០០ (ពីររយ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩៨ ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវ បានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ (ពីររយដប់ប្រាំពីរ) ដុល្លារអាម៉េរិក ដល់ ២២៨ (ពីររយម្ភៃប្រាំបី) ដុល្លារអាម៉េរិក ក្នុងមួយខែ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់លាស់ និងប្រកបដោយគតិបណ្ឌិត ក្នុងការដាក់ចេញនូវ គោលនយោបាយ និងវិធានការដ៏មុតស្រួចក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សា បាននូវភាពប្រកួតប្រជែង ការទាក់ទាញវិនិយោគថ្មីៗ និងការបង្កើតការងារថ្មីកាន់តែល្អប្រសើរជាងមុន។ ក្រសួង ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់ បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការ បន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនិងក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុន៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *