fbpx

កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងនូវការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម Nguyen Huy Tang ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីរំពឹងថា ក្រោមកិច្ចការងារការទូតរបស់ឯកឧត្តម នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់របស់វិស័យការងារនៅកម្ពុជា និងបាននាំនូវការសួរសុខទុក្ខ ពីរដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងថ្នាក់ដឹកនាំរបស់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និត និងជោគជ័យជាមួយគ្នាកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មើលឃើញពីការអភិវឌ្ឍរីកចម្រើននៅតាមបណ្តារាជធានី-ខេត្ត និងជីវភាពពលរដ្ឋកម្ពុជា មានភាពធូរធារ នេះដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក បានលើកទឹកចិត្តដល់ធុរកិច្ចវៀតណាមឲ្យមកវិនិយោគនៅប្រទេសកម្ពុជា នៅតាមគម្រោងនានា ដូចជា សេវាកម្ម ធនាគារ ពិសេស កសិ-ឧស្សាហកម្ម។ ជាមួយនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកនូវសំណើនេះថានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅចុងឆ្នាំនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា នឹងបញ្ជូនក្រុមការងារកម្រិតបច្ចេកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ចែករំលែកឧត្តមានុវត្ត និងពិភាក្សាដោះស្រាយបញ្ហាប្រឈម ជាមួយក្រសួងការងារជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និង សង្គមកិច្ច នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់រយៈពេល៥ឆ្នាំ។

ដែលអនុស្សរណៈនេះមានគោលបំណង ផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា ការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្តនិងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្មសេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។ ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។ ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ និង ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *