fbpx

ឃាត់ខ្លួនជនជាតិចិន ២នាក់ និងខ្មែរ ៥ នាក់ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់

ចែករំលែក

ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវបង្ក្រាបក្រុមជនប្រដាប់អាវុធចំនួន០៧នាក់ រួម មានជនជាតិចិន០២នាក់ និងជនជាតិខ្មែរ០៥នាក់ “ក្នុងនោះមានស្ត្រីម្នាក់” ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មាននៅវេលាម៉ោង២៣យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើ សកម្មភាព ចាប់បុរសជនជាតិចិន ០១ នាក់ ដាក់ចូលក្នុងរថយន្ត ខណៈពេលដែលជនរងគ្រោះ កំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់ដៃ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូត ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧ព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើដៃ ជើង និងដងខ្លួន។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៩ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៧នាក់ (ជនជាតិចិន២ ជនជាតិខ្មែរ៥ “ស្រី១”) ។

ជនសង្ស័យទាំង ០៧នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនត្រឹមត្រូវ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ៖
-អាវុធខ្លី ០៣ដើម
-គ្រាប់កាំភ្លើងចម្រុះសរុបចំនួន ៨៩គ្រាប់
-ខ្នោះដៃ ០២គូរ
-រថយន្ត ០៣គ្រឿង ជាមធ្យោបាយធ្វើបទល្មើស និងសម្ភារផ្សេងៗមួយចំនួន ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់ដើម្បូយកមកផ្តន់ន្ទាទោសតាមច្បាប់ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *