fbpx

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹងនិង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់

ចែករំលែក

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុជន និងកីឡា ចាត់ទុកការបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៣-២០២៤ ជានិមិត្តរូប” ដែលកំពុងប្រារព្ធឡើងនៅក្នុងទឹកដី នៃខេត្តកំពង់ស្ពឺដ៏ត្រជាក់ត្រជុំ ស្របពេលដែលកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍនៅទូទាំងប្រទេស។

ឯកឧត្តមបានរំលឹកថា នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹង គុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលរួមមាន៖ ទី១.ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២.ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។ បន្ថែមពីលើ នេះ ក្រសួងបានកំណត់អាទិភាពចំនួន៤បន្ថែមទៀត គឺទី៥.ការអប់រំឌីជីថល, ទី៦.ការបង្កើត មជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧.ការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាព, និង ទី៨ ការអភិវឌ្ឍការអប់រំកាយនិងកីឡា។

តាមរយៈការអនុវត្តកំណែទម្រង់ដែលបានដាក់ចេញជាបន្តបន្ទាប់ យើងទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ មកទល់ពេលនេះ យើងមានសាលារៀនគ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅជិត លំនៅដ្ឋានរបស់ប្រជាជន។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានសាលាមត្តេយ្យសិក្សាសាធារណៈសរុប៤,៦៥១ និងសិស្សមត្តេយ្យសិក្សាសាធារណៈសរុប ២៣៩,៤១៨ នាក់ ស្រី ១២៧,៤៩៣នាក់។ សាលាបឋមសិក្សាសាធារណៈសរុប ៧,៣៤៨ និងសិស្សបឋមសិក្សាសាធារណៈសរុប ២,០៧៣,៤៥១នាក់ ស្រី១,២២២,២៧១នាក់។ អនុវិទ្យាល័យសាធារណៈសរុប១,២៤៤និងសិស្សមធ្យមសិក្សាបឋមភូមិសាធារណៈសរុប៥១២,៣៩៦នាក់ស្រី២៥៧,៧៦១នាក់។ វិទ្យាល័យសាធារណៈសរុប៥៧៥និងសិស្សមធ្យសិក្សាទុតិយភូមិសាធារណៈសរុប៤៧៥,១៦៨នាក់ ស្រី២៧០,៥១៩នាក់ ។

ក្រសួងបានកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានអនុម័តនិងដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូងទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្ដម បរិញ្ញាបត្របូក២ និងអនុម័តសៀវភៅណែនាំ ស្តីពី ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ការពង្រឹងអភិបាលកិច្ចសាលារៀន មានគោលដៅ កែលម្អលទ្ធផលសិក្សារបស់សិស្ស ផ្លាស់ប្ដូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និង ឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *