fbpx

អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀន កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗមានឱកាស ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព

ចែករំលែក

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និង ចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០២៣នេះ បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗមានឱកាស ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។

ឯកឧត្តមអភិបាលបានរំលឹកការឈឺចាប់របស់ថ្នាក់ដឹកនាំ លោកឪពុក អ្នកម្តាយ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលវិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀននិងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ ប៉ុន្តែក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ខែមករាឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។

ឯកឧត្តមសូមក្មួយៗសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រកុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយសម្តេចបានដាក់ចេញនូវនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតយកវិស័យអប់រំជាអាទិភាពទី១ទៀតផង។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ តែងតែជួយគាំទ្រទាំងសម្ភារៈនិងថវិកា ជាមួយនឹងការតម្រង់ទិសក្មួយៗឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀនមានសន្តិសុខល្អ មិនមានគ្រឿងញៀននិងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិនាពេលអនាគត់។

ជាមួយគ្នានោះ លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនរង្វាន់ដល់សិស្សានុសិស្សពូកែ តាមថ្នាក់មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន ១២៩៨នាក់ស្រី ៧៧៩នាក់ ស្រី ៧៦៥នាក់ ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន ៨៧១នាក់ ស្រី៥១៨នាក់ បានជាប់ចំណាត់ថ្នាក់រាជធានីចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ។ មួយវិញទៀតក្រសួងអប់រំ បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយមាសចំនួន៨៥នាក់ ស្រី៥១នាក់ មេដាយប្រាក់ចំនួន៤៥នាក់ ស្រី១៩នាក់មេដាយសំរឹទ្ធិចំនួន៥៧នាក់ ស្រី២៣នាក់ ៕

P


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *