fbpx

នាយករដ្ឋមន្ត្រី ផ្ដល់គោលការណ៍លើការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តជាប់សមុទ្រទាំង៤

ចែករំលែក

កែប ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោល ការណ៍ចាំបាច់សម្រាប់ការរៀបចំផែន ការមេអភិវឌ្ឍន៍ខេត្តទាំង៤ ដែលជាប់ឆ្នេរ សមុទ្រ គឺត្រូវធានាតម្លៃនៃការអភិវឌ្ឍយូរអង្វែងដើម្បីប្រយោជន៍របស់កម្ពុជា ដាច់ខាតកុំដើម្បីតែប្រកួតប្រជែងគ្នា ដែលនាំឱ្យបាត់បង់ប្រយោជន៍រួម។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រកម្ពុជា ប្រសិនបើផ្គុំគ្នាគឺមិនធំទេ តែយើងមានសក្ដានុពលឆ្នេរសមុទ្រ កោះ ធនធានធម្មជាតិ មានសក្ដានុពលធ្វើជាកំពង់ផែ មានសក្ដានុពលសម្រាប់ទេសចរណ៍ពហុបំណងជាដើម។

ការលើកឡើងនូវគោលការណ៍ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ (ជុំទី៣) នៅខេត្តកែប នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវធានាតម្លៃនៃការអភិវឌ្ឍឱ្យបានយូរអង្វែង ខេត្តណាមានសក្ដានុពលលើវិស័យអ្វី ត្រូវជំរុញការអភិវឌ្ឍលើវិស័យទាំងនោះឱ្យចំគោលដៅ ហើយគាំទ្រគ្នាទៅវិញ ទៅ មកដើម្បីប្រយោជន៍របស់កម្ពុជា ដាច់ ខាតកុំដើម្បីតែប្រកួតប្រជែងគ្នា ដែលនាំឱ្យបាត់បង់ប្រយោជន៍រួម។ «ការរៀបចំផែនការនេះគឺធ្វើយ៉ាងណាធានាការអភិវឌ្ឍឱ្យបានច្បាស់លាស់ កុំឱ្យខេត្តទាំងបួនប្រកួតប្រជែងគ្នា តែធ្វើឱ្យខេត្តទាំងបួនជាខេត្តដែលគាំទ្រគ្នាទីវិញទៅមក ដើម្បីឱ្យឆ្នេរសមុទ្ររបស់យើងទៅជាខេត្តដែលប្រមូលកម្លាំងរួម ជំរុញសក្ដានុពលជាប់សមុទ្ររបស់កម្ពុជា ជាកម្លាំងសរុបតែម្ដង នេះជាអ្វីដែលយើងត្រូវធ្វើ»។

ជាមួយគ្នានេះសម្ដេចធិបតីបានផ្ដល់អនុសាសន៍ថា «ប្រសិនបើខេត្តណាមានសក្ដានុពលអ្វីខ្លះនោះ គឺត្រូវតម្រង់ទិសសម្រាប់ការវិនិយោគ ការអភិវឌ្ឍឱ្យចំគោលដៅ ហើយរៀបចំផែនការមេដើម្បីជួយគាំទ្រការអភិវឌ្ឍនោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ខេត្តកែប ជាខេត្តមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងផលិតផលទេសចរណ៍មួយចំនួនទៀត ដូច្នេះត្រូវគិតគូរដើម្បីធានាឱ្យបាននូវតម្លៃរយៈពេលវែង ជាជាងឱ្យតម្លៃទៅលើរយៈពេលខ្លី ព្រោះធ្លាប់មានបទពិសោធន៍ដែលអភិវឌ្ឍហើយ តែបរាជ័យទៅវិញ។

ចំពោះកិច្ចការអភិវឌ្ឍនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា យើងដើរយឺតបន្តិច តែដើរលឿននិងរលូន បានន័យថា ដើរដោយមានសណ្ដាប់ធ្នាប់ មានលំដាប់លំដោយ មានផែនការច្បាស់លាស់ មានចក្ខុវិស័យច្បាស់លាស់ ទើបដើរបានវែងឆ្ងាយតទៅមុខ ដោយគ្មានបញ្ហាខ្ទាស់គ្នាដែលត្រូវចំណាយ ពេលដោះស្រាយក៏បែរជាយឺតវិញ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *