fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តរក្សាឱ្យបាននូវសុខសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ

ចែករំលែក

កែប ៖ ថ្លែងចេញពីខេត្តកែបនៃពិធីបុណ្យសមុទ្រ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវ ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ ហើយបើគ្មានសន្តិភាព គ្មានឡើយការមកលេងខេត្តកែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត មាន ប្រសាសន៍បញ្ជាក់ថា «ខ្ញុំសូមឆ្លៀតយកឱកាសនេះ លើកទឹកចិត្ត និងផ្តល់ទស្សនៈមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់ និងលើកស្ទួយវិស័យទេសចរណ៍ ហើយយើងត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាព ឲ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ នេះគឺជាកត្តាចាំបាច់។

សម្តេចថ្លែងបញ្ជាក់ថា មានមជ្ឈដ្ឋានខ្លះ ឲ្យតែខ្ញុំនិយាយអំពីសុខសន្តិភាព គេថាខ្ញុំផ្តាច់ការ។ សង្គ្រាម មិនដែលកើតឡើងទៀតទេ។ សូមទៅសួរវិញ បុព្វបុរសយើង ៥០០ឆ្នាំ សួរលោកតាលោកយាយ ដែលនៅមានវត្តមាន ថាតើនៅទស្សវត្សរ៍ទី៧០ ទី៦០ តើគាត់ធ្លាប់នឹកគិតទេថា នឹងកើតសង្គ្រាមនៅប្រទេសយើង ហើយក៏គ្មានពីណាឲ្យកើតឡើងវិញបានដែរ»។

សម្តេចធិបតី មានប្រសាសន៍បន្តថា ម្សិលមិញ ពេលសម្តេចជិះមកខេត្តកែប តាមឧទ្ធម្ភាគចក្រ កាត់តាមភ្នំវល្លិ៍ ដែលភ្នំនេះជាអតីតសមរភូមិសំខាន់ណាស់។ អ្នកបើកឧទ្ធម្ភាគចក្រឲ្យសម្តេច ក៏ជាអ្នកធ្លាប់តស៊ូក្នុងសង្គ្រាម បានប្រាប់សម្តេចថា ខ្លួនធ្លាប់មកទីនេះ ២ដង ដើម្បីយកគ្រាប់មកទម្លាក់ ព្រោះតំបន់នេះកាន់កាប់ដោយខ្មែរក្រហម។

សម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ទីនេះឥឡូវសុទ្ធតែចម្ការ ដោយប្រែពីកន្លែងច្បាំងគ្នា ក្លាយជាកន្លែងអភិវឌ្ឍន៍។ ធ្លាប់មានបរទេស ៣នាក់ ត្រូវបានខ្មែរក្រហមចាប់នៅទីនេះ ក្បែរផ្លូវរទេះភ្លើង យកទៅសម្លាប់ចោល អញ្ចឹងបើគ្មានសន្តិភាពទេ កុំថាមកលេងកែបវិលល្ងាច មកមិនស្រួល មិនអាចទៅវិញផង កុំថាតែជនជាតិខ្មែរ សូម្បីតែជនជាតិបរទេស ក៏មិនអាចរួចខ្លួនដែរ។

«សន្តិភាពនេះ ត្រូវរក្សាឲ្យបាននូវគ្រប់ទឹកខ្មែរយើងនេះ»។ នេះបើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែមានប្រសាសន៍អំពាវនាវ ឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីធានាការអភិវឌ្ឍប្រទេស មិនត្រូវឱ្យពួកជ្រុលនិយម បំផ្លាញសន្តិភាពនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *