fbpx

មន្ត្រីនគរបាលពីរនាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថយន្ដ នៅខណ្ឌច្បារអំពៅ

ចែករំលែក

ភ្នំពេញ ៖  មន្ត្រីនគរបាលពីរនាក់ដែលម្នាក់ជា អធិការរងនគរបាលស្រុកកៀនស្វាយ និងនាយរងប៉ុស្ដិ៍ដីឥដ្ឋ បានស្លាប់ភ្លាមៗក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថយន្ដ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ១ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា នគរបាលទាំងពីរនាក់នេះ ជិះក្នុងរថយន្ដម៉ាក Lexus RX350 ពាក់ផ្លាកលេខនគរបាល2-0393 ដោយក្នុងរថយន្ដនោះមានអ្នកជិះសរុបចំនួន៥នាក់ មានស្ដ្រី២នាក់ និងបុរស៣នាក់ (២នាក់ជានគរបាល) បានរេចង្កូតបុកជាមួយរថយន្ដមួយគ្រឿងទៀត ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេញ2BN-7915 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ជាប្រពន្ធ។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យភាគីរថយន្ដ Lexus ស្លាប់២នាក់ ដោយម្នាក់ជាអធិការរងស្រុកកៀនស្វាយ និងម្នាក់ជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋ និងស្ដ្រី២នាក់ទៀត រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបុរសម្នាក់ផ្សេងទៀត រងរបួសស្រាល។

អ្នកស្លាប់ឈ្មោះ ហេង ស៊ីថារូ អាយុ៣៥ឆ្នាំ ជាអធិការរង នៃអធិការស្រុកកៀនស្វាយ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត្រ និងម្នាក់ទៀត ឈ្មោះ ម៉ាន រ៉ាវី អាយុ២៥ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋ (ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ)។ ចំណែកអ្នកបើកបររថយន្ត Camry ទាំង២នាក់ ប្ដីប្រពន្ធវិញ មិនស្គាល់អត្តសញ្ញាណនៅឡើយ។

សពមន្ត្រីនគរបាលទាំងពីររូបត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំងពីរគ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដែលឋាននគរបាលស្រុកកៀនស្វាយបណ្ដោះអាសន្ន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ករណីនេះកម្លាំងជំនាញកំពុងធ្វើការសួរនាំភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយតាមនីតិវិធី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *