កណ្តាល ៖ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទី នៅចំណុចលើខ្នងប្រឡាយស្ថិតនៅ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុង ខឺត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានស្រុកំណើតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិ ព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០៨កញ្ចបតូច, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកណូគារអិនចុចពិល និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ចបន្តថានៅមុនពេលកើតហេតុកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកអង្គស្នួល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន។ភ្លាមនោះកម្លាំងផ្នែក ជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ បានចុះទៅដល់កន្លែងកើតហេតុខាងលើ បានឃើញជនសង្ស័យឈ្មោះសុង ខឹត កំពុងឈរតាមផ្លូវខ្នងប្រឡាយ ដោយមានការសង្ស័យ កម្លាំងជំនាញបានឃាត់ ឆែកត្រួតពិនិត្យខ្លួនឃើញមានថ្នាំញៀនចំនួន០៨កញ្ចប់តូចដាក់ក្នុងហោប៉ៅខោ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន នេះខ្លួនបានទិញពីឈ្មោះ សុខ សំបូរ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕