ប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា ឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពីបទមនុស្សឃាតដោយគិតទុក្ខជាមុន បានធ្វើសកម្មភាពដេញកាប់ដោយកាំបិត កាលពីវេលាម៉ោង ២០ និង ០០នាទីយប់ ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅទីតាំងជាមួយជនសង្ស័យ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានដេញកាប់ជនរងគ្រោះដោយប្រើ កាំបិត ពិតប្រាកដមែន។
បច្ចុប្បន្នជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕