fbpx

រដ្ឋមន្រ្តីការងារបន្តចុះផ្សព្វផ្សាយអត្ថប្រយោជន៍ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅខេត្តកំពង់ស្ពឺ

ចែករំលែក

៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបន្តចុះផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប្រមាណជិត ៤០០នាក់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា នេះគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត នាទីក្រុងកោះពេជ្រ។ 

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ និងការទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋដែលជាបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស. និងការបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។ 

ចំពោះការអនុវត្តរបបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយបងប្អូនក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ 

បន្ថែមពីការថែទាំសុខភាពហើយនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ 

ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកជំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ក៏អាចចូលសិក្សាជាមួយវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុត ដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។ 

ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *