fbpx

សម្ដេចនាយករដ្ឋមន្ត្រី ណែនាំឱ្យត្រៀមលក្ខណៈ សម្រាប់ជួយ សង្គ្រោះពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

ចែករំលែក

ផ្សាយចេញពីរាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័នអភិ បាលរាជធានី ខេត្ត និងកម្លាំងប្រដាប់ អាវុធទាំងអស់ ត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ ។

តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា ។ អាស្រ័យហេតុនេះ សូមឱ្យលោក លោកស្រី អភិបាលរាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបទបញ្ជាដល់ ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ត្រូវបញ្ជូនកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ក្នុងការចាំបាច់ ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដាន ឱ្យជាប់ជាមួយគណៈអភិបាលរាជធានីខេត្ត និងចុះកំណត់ជាស្រេច នូវទីទួលសុវត្ថិភាព ក៏ដូចជាចាត់វិធានការសម្របសម្រួល ត្រៀមកម្លាំងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមនូវស្បៀង និងសម្ភារៈបរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅចែកឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានីខេត្ត»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំ នៃការវិវត្តន៍នៃកម្ពស់ទឹក និងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តារគមន៍ឱ្យបានទាន់ពេលេវេលា។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញបន្ទាន់៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *