fbpx

ជប៉ុន បំពាក់គ្រឿងឥស្សរិយយស ជូន ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី ដែលបានរួមចំណែកជំរុញការផ្លាស់ប្តូរការសិក្សានិងការយល់ដឹងរវាងជប៉ុននិងកម្ពុជា

ចែករំលែក

ផ្សាយពីរាជធានីភ្នំពេញ៖ គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon”របស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្តគល់ជូន ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលរួមចំណែកដ៏ឆ្នើមក្នុងការជំរុញការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេស   ជប៉ុននិងកម្ពុជា កំឡុងពេលឯកឧត្តមកាន់តំណែងជាអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។ 

ថ្លែងនៅក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសខាងលើ កាលពីល្ងាចថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី ជាឥស្សរជន ជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ។ ឯកឧត្តមគឺជានិស្សិតខ្មែរម្នាក់ ក្នុងចំណោមនិស្សិតខ្មែរឈានមុខគេ ដែលទទួលបានជោគជ័យជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៩៣។  ក្នុងអំឡុងពេលសិក្សារយៈពេល៧ឆ្នាំ នៅសាកលវិទ្យាល័យហុកកៃដូ និងវិទ្យាស្ថានបច្ចេកវិទ្យាគីតាមិ នៃប្រទេសជប៉ុននោះ មិនត្រឹមតែទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើការស្រាវជ្រាវសំខាន់ៗ ដោយសហការជាមួយអ្នកស្រាវជ្រាវជប៉ុនផងដែរ។ 

លទ្ធផលនៃការស្រាវជ្រាវ ឯកឧត្តមបានបោះពុម្ពនិក្ខេបបទ និងអត្ថបទនានាជាច្រើន ជាមួយអ្នកស្រាវជ្រាវជប៉ុន ហើយស្នាដៃទាំងអស់នោះ បានក្លាយជាសមិទ្ធិផលត្រួសត្រាយផ្លូវ នៃកិច្ច សហប្រតិបត្តិការការសិក្សាជប៉ុន-កម្ពុជា។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅជប៉ុន ឯកឧត្តមបណ្ឌិត បានត្រឡប់មកកម្ពុជាវិញ ហើយបានឡើងកាន់តំណែងជាអគ្គនាយក ITC ក្នុងឆ្នាំ២០០៨ និងបានទាក់ទងកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើន ជាមួយសាកលវិទ្យាល័យ និង វិទ្យាស្ថានធំៗក្នុងប្រទេសជប៉ុន ដែលចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់យុវជនកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការការសិក្សា  ព្រមទាំងបានប្រើប្រាស់បណ្តាញនិងសកម្មភាពជាច្រើនទៀតក្នុងបុព្វហេតុយុវជននិងសង្គមជាតិ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាសក្ខីភាព ដែលបញ្ជាក់ពីការចូលរួមចំណែកចំពោះបុព្វហេតុជាតិដ៏វិសេស ក្នុងការពង្រឹងចំណង មិត្តភាពទ្វេភាគីកម្ពុជា-ជប៉ុន  តាមរយៈការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអប់រំ។ ក្រសួងក៏ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈដ៏វិសិដ្ឋរបស់ឯកឧត្តម ក្នុងការចូល រួមចំណែកបម្រើជាតិ បម្រើប្រជាជន ក្នុងតួនាទីជាស្ពាននៃការរឹតបន្តឹងចំណងមិត្តភាពជា ប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេស លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ វិស័យអប់រំ ដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជប៉ុនក៏ជាប្រទេសដៃគូពាណិជ្ជកម្មលំដាប់កំពូលមួយ ហើយក៏ជាប្រទេសមួយ ដែលផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាច្រើនជាងគេ បើគិតចាប់តាំងពីឆ្នាំ ១៩៩២ មក ដោយក្នុងនោះ បានគ្របដណ្តប់លើវិស័យជាច្រើន រួមមាន ការកសាងហេដ្ឋា- រចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ការថែទាំសុខភាព និងការងារជំនួយមនុស្សធម៌ ជាដើម៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *