fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ អាកាសយានិក ស៊ុន ផល្លា និងខេង ឆៃយុទ្ធ

ចែករំលែក

ភ្នំពេញ ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ អាកាសយានិក២រូប គឺលោក ស៊ុន ផល្លា និង លោក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ។

តាមរយៈបណ្តាញសង្គម សម្តេចធិបតី បានលើកឡើងដូច្នេះថា៖ «មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប។

ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ត្រូវរកឃើញថាបានពលីជីវិតទៅហើយនៅក្នុងឧបទ្ទវហេតុនេះ។ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងជាទីបំផុត ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុសដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន ។ ហើយនេះ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល នូវនាយទាហានពីររូបដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកទាំងពីរ ឆាប់បានចាប់បដិសន្ធិក្នុងសុគិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សម្តេចសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីប្រតិបត្តិការរយៈពេលជិត២០ថ្ងៃ ក្រុមអ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រ និងអាកាសយានិកម្នាក់ ឈ្មោះ ខេង ឆៃយុទ្ធ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា និងបន្តរកឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *