ស្វាយរៀង៖ឯកឧត្តម បណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ ,ចិញ្ចឹមសត្វជ្រូក ,ចិញ្ចឹមកង្កែប,មាន់,ទា ចំនួន៤គ្រួសារ នៅភូមិមុឺនជ័យ ឃុំមុឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង។
ការចុះជួបជាមួយប្រជាកសិករដាំបន្លែ នៅក្នុងស្រុករំដួលនេះ មានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, លោក សុខ រស់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត, ក្រុមការងារគណបក្សថ្នាក់ ខេត្ត,លោកហែម សុីណា អភិបាលស្រុករំដួល, ថ្នាក់ឃុំ និងថ្នាក់ភូមិក៏ដូចជាសហគមន៍ផងដែរ។
កសិករ បានរៀបរាប់ប្រាប់ក្រុមការងារយើង ថា សព្វថ្ងៃពួកគាត់ដាំដំណាំបន្លែសរីរាង្គជាច្រើនមុខមាន ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ និងបន្លែទ្រើង,ចិញ្ចឹមសត្វជ្រូក,មាន់,ទា និងចិញ្ចឹមកង្កែប ដែលអាចលក់ទៅកាន់ទីផ្សារផ្គត់ផ្គង់ជីវភាពបានមួយកម្រិត បន្ទាប់ពីការងារក្រោយធ្វើស្រែ។
ឯកឧត្តម បណ្ឌិត សម តារា បានកោតសសើរដល់កសិករ បានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែសរីរាង្គមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ បរិស្ថាន និងកាត់បន្ថយការចំណាយផងដែរ។
ឯកឧត្តមបណ្ឌិត សម តារា សំណូមពរឲ្យប្រជាកសិករដទៃទៀត បង្កើននូវការដាំដុះនូវបន្លែសរីរាង្គបន្ថែមទៀត និងសូមប្រជាពលរដ្ឋបន្តលើកទឹកចិត្តដល់ប្រជាកសិករ និងប្រើប្រាស់បន្លែសរីរាង្គវិញ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅស្រុករំដួលនេះ ឯកឧត្តមបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាជូនក្រុមការងារ និងជូនគ្រួសារកសិករ ផងដែរ៕